
ភ្នំពេញ៖បន្ទាប់ពីផ្ទុះការរិះគន់និងសម្តែងការមិនពេញចិត្តខណៈដែលមានការបង្ហោះផ្សព្វផ្សាយនូវបទចម្រៀងក្រោមចំណងជើងថា អ្នកព្រៃវែងអាក្រក់ត្រង់ណា ពីសំណាក់ផលិតកម្ម មរតក មេឌៀ នោះពេលនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងបញ្ចេញប្រតិកម្មនឹងស្នើរដល់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការលើផលិតកម្មមួយនេះ។
បើយោងតាមលិខិតរបស់លោកអភិបាលខេត្តព្រៃវែងបានបញ្ជាក់ថាតាមរយៈអត្ថន័យនិងរូបភាពនៅក្នុងបទចម្រៀងនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសសេចក្ដីថ្លៃថ្នូរនិងសតិអារម្មណ៍ប្រជាពលរដ្ឋខេត្តព្រៃវែង។លិខិតដដែលបានលើកឡើងថាកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ផលិតកម្ម មរតក មេឌៀ (Morodok Media) បានបង្ហោះឃ្លីបវីឌីបទចម្រៀង «អ្នកព្រៃវែងរអាក្រក់ត្រង់ណា»ក្នុងបណ្ដាញផ្សព្វផ្សាយសង្គម Page: Morodok Media និងបណ្ដាញយូធូប(YouTube)របស់ខ្លួន ។
លិខិតបានសង្កត់ធ្ងន់ថានៅក្នុងខ្លឹមសារនិងរូបភាពនោះ បាននិយាយថាអ្នកព្រៃវែង សុទ្ធតែអ្នកមិនល្អពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាននិងជាអ្នកក្រ។ម្យ៉ាងទៀតក្នុងអត្ថន័យប្រើបវីឌីអូ បទចម្រៀងនេះ រដ្ឋបាលខេត្តព្រៃវែង យល់ឃើញថា៖១,ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិ យស សេចក្ដីថ្លៃថ្នូរ និងសតិអារម្មណ៍ប្រជាពលរដ្ឋខេត្តព្រៃវែង ។
២,ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់និងអយុត្តិធម៌ មកលើប្រជាពលរដ្ឋខេត្តព្រៃវែង។៣,បង្កើតនូវការរើសអើងយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋខេត្តព្រៃវែងនិង៤,ជាសក ម្មភាពវិទ្ធង្សនាវប្បធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាជាតិកម្ពុជា។
ផ្អែកតាមខ្លឹមសារខាងលើនេះរដ្ឋបាលខេត្តព្រៃវែងស្នើរដល់លោកស្រី ភឿង សក្កុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចខាងក្រោម៖១,ចាត់វិធានការច្បាប់ចំពោះផលិតកម្ម មរតក មេឌៀជាពិសេសពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់បង្កឲ្យមានការរើសអើងនិងប្រព្រឹត្តបទល្មើស និង២,ផលិតកម្ម មរតក មេឌៀ ត្រូវលុបប្រើបវីឌីអូ និងធ្វើការបកស្រាយសុំទោសជាសាធារណៈ។ទាក់ទងចំពោះករណីខាងលើនេះដែរគេហទំព័រ The Plus news នៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ មិនទាន់អាចស្វែងរកការបកស្រាយពីសំណាក់ភាគីអ្នកគ្រប់គ្រងរបស់ផលិតកម្មមរតក មេឌៀបាននៅឡើយទេ៕