
ភ្នំពេញ៖បន្ទាប់ពីផ្ទុះការរិះគន់និងប្រតិកម្មស្នើរដល់រដ្ឋក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់វិធានការកោះហៅភាគីផលិតកម្មមរតកមេឌៀទៅណែកនាំអប់រំក្រោយចេញបទ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ?ដែលបង្កប់អត្ថន័យធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសអ្នករស់នៅខេត្តព្រៃវែងនោះនៅល្ងាចទី០៦ ខែកក្កដា ឆ្នាំ២០២០នេះលោក ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងដឹកនាំផលិតបទចម្រៀងត្រូវបានក្រសួងកោះហៅចូលបំភ្លឺ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឈួន សុខលីម ដែលជាអ្នកគ្រប់គ្រងនិងដឹកនាំផលិតបទចម្រៀងបទ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ? បាននិយាយថានៅវេលាម៉ោង៤ថ្ងៃនេះខាងក្រសួងបានអញ្ជើញឲ្យចូលរួមប្រជុំស្តាប់ការណែនាំបន្ទាប់ពីបង្ហោះផ្សព្វផ្សាយបទចម្រៀង តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ?រហូតមានការរិះគន់យ៉ាងចាស់ដៃ។
លោកថាចំពោះការនិពន្ធនេះគឺគ្មានចេតនាដើម្បីបង្អាប់ដល់កិត្តិយសរបស់បងប្អូនរស់នៅខេត្តព្រៃវែងនោះទេពោលគឺធ្វើឡើងគ្រាន់តែច្រៀងរៀបរាប់អំពីការរើសអើយចំពោះអ្នករស់នៅខេត្តព្រៃវែងនាពេលកន្លងមកតែប៉ុណ្តោះ។ម្យ៉ាងទៀតអត្ថន័យបទនេះគឺចង់ឲ្យបងប្អូនទាំងអស់បញ្ឈប់ការស្អប់ឬរើសអើងចំពោះអ្នកខេត្តព្រៃវែងព្រោះថាកន្លងមកឲ្យតែមានអ្នកសុំទាវ ចោរលួច ឆ្លកគឺយកឈ្មោះអ្នកព្រៃវែងមកលាភពណ៌។
ជាមួយគ្នានេះលោក ឈួន សុខលីម ក៏បានទទួលស្គាល់កំហុសនិងចេញមុខសុំទោសមហាជននិងថ្នាក់ដឹកនាំខេត្តព្រៃវែងគ្រប់ជាន់ថ្នាក់ផងដែរ។លោក ឈួន សុខលីម បានរៀបរាប់ថាខ្ញុំបាទ ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំផលិតបទចម្រៀង តើអ្នកព្រៃវែងអាក្រក់ត្រង់ណា? នៅក្នុងផលិតកម្ម ផេកហ្វេបុក ឆាណែលយូធូប ផលិតកម្មមរតកមេឌៀ សូមលើកម្រាមដៃដប់សូមទោសពីចំងាយចំពោះបងប្អូនអ្នកខេត្តព្រៃវែង។
លោក ឈួន សុខលីម បាននិយាយទៀតថាខ្ញុំក៏សុំការអភ័យទោសចំពោះប្រមុខដឹងនាំមានសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលជាថ្នាក់ដឹកនាំនិងជាកូនអ្នកព្រៃវែងនិងជាអនុប្រធានគណៈបក្ស និងឯកឧត្តម ស សុខា ដែលជាថ្នាក់ដឹកនាំចុះជួយខេត្តព្រៃវែងនិងប្រមុខមន្រ្តីតូចធំអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងនិងលោកស្នងការខេត្តព្រៃវែង រួមទាំងក្រសួងវប្បធម៌វិចត្រសិល្បៈនិងសមាគមន៍សិល្បករខ្មែរ ដែលមានបងស្រី ចនចន្ទលក្ខិណា និងបងប្រុស ហេង ឡុងជាអ្នកដឹកនាំយើងខ្ញុំ ។សុំទោសចំពោះបងប្អូនប្រជាជនទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលមានលោក សយ រតនា ជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងច្រៀងបទនេះផ្ទាល់។
លោកបានបន្ថែមទៀតថាសូមទោសបងប្អូនជាសាធារណៈនៅថ្ងៃនេះចំពោះបទចម្រៀងមួយបទដែលបានចេញមកមានការវាប្រហារនាំឲ្យមានការរើសអើងជាតិសាសន៍ដោយចំណេះក្មេងខ្ចីនិងការនិពន្ធក្មេងខ្ចី។សូមបងប្អូនអត់ទោសដល់ក្រុមការងារយើងខ្ញុំផង យើងខ្ញុំនិងកែប្រែរាល់កំហុសខុសឆ្គងទាំងប៉ុន្មាននិងមិនបន្តឲ្យមានការរើសអើសមិនសមបែបនេះទៀតទេសូមថ្នាក់ដឹកនាំទាំងអស់មេត្តាអធ្យាស្រ័យយើងខ្ញុំដោយអនុគ្រោះផងចុះ៕