ព្រាប សុវត្ថិ ៖ ការសង់របងរំលោភលើចិញ្ចើមផ្លូវត្រូវបានដោះស្រាយរួចរាល់ហើយ

ភ្នំពេញ៖ទីបំផុតករណីវិវាទជុំវិញបញ្ហាការតវ៉ាពីសំណាក់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខលើកំពូលតារាចំរៀងលោក ព្រាប សុវត្ថិ ដែលបានសាងសង់របងរំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច និង បានធ្វើរោងអារឈើបិទផ្លូវនៅខាងក្រោយផ្ទះពេលនេះត្រូវបានដោះស្រាយបញ្ចប់ខណៈលោក ព្រាប សុវត្ថិ បានទទួលស្គាល់កំហុស។

 

តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ជាក់ថាករណីរបស់លោកនិងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលផ្ទុះការតវ៉ារឿងសងរបងរំលោភចូលផ្ទូវនោះពេលនេះបានដោះស្រាយរួចរាល់ហើយជាមួយនឹងអាជ្ញាធរក្រោយពីមានការចុះវាស់វែងជាច្រើនដង។ជួយគ្នានេះកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ក្រុមការងារបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញរួមទាំងចៅសង្កាត់គោងឃ្លាងក៏បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPSនៅចំណុចព្រំប្រទល់ដីដែលមានបញ្ហានោះផងដែរ។

 

លោក ព្រាប សុវត្ថិ បានបន្តថាថា ចំពោះរឿងរ៉ាវដែលប្រជាពលរដ្ឋបានតវ៉ា ចំពោះរូបលោកនោះ គឺបានដោះស្រាយគ្នារួចរាល់យូរមកហើយ អត់មានអ្វីជាបញ្ហាទៀតទេ ហើយបើមានហេតុការណ៍អ្វីផ្សេងទៀតកើតឡើង គឺអាជ្ញាធរ និងសហការជាមួយរូបលោក ដើម្បីដោះស្រយបន្តទៀត។សូមជម្រាបថានៅក្នុងការចុះត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPSព្រឹកមិញនេះគឺបានបញ្ជាក់ថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវប្រាកដមែន។

ជាមួយគ្នានេះដែរលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថាសំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ ចំពោះការវាស់វែងរបស់មន្ត្រីមន្ទីរសុរិយោដីផងដែរ។គេនៅចាំបានថាកាលពីថ្មីៗកន្លងមកមានប្រជាពលរដ្ឋប្រមាណ៧០គ្រួសារបាននាំគ្នាតវ៉ានិងស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ចំណុច៖

១.ស្នើរឲ្យលោក ព្រាប សុវត្ថិ បញ្ឈប់ធ្វើរបងបំពានលើផ្លូវសាធារណៈ។ ២.ឈប់ធ្វើរោងឈើបិទផ្លូវ។ ៣. ឈប់ចតរថយន្តបិទផ្លូវ គ្មានសណ្ដាប់ធ្នាប់ និង ៤.ឈប់រោទ៍សំឡេងរថយន្តលាន់ខ្លាំង រំខានដល់ការដេកពួនរបស់ពួកគាត់។សំណើរនេះត្រូវបានធ្វើការសម្របសម្រួលនិងដោះស្រាយគ្នា បញ្ចប់រួចរាល់ហើយដោយលោកយល់ព្រមអនុវត្តន៍៣ចំណុចដើម្បីបញ្ចប់បញ្ហាទាំងអស់នេះជាមួយអ្នកជិតខាងផ្ទះ៕