ឪពុក G-Devith រំភើបចិត្តខ្លាំងពេលឃើញកូនសាងផ្នួសសងគុណឪពុកម្តាយ

ភ្នំពេញ៖តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ឬហៅG-Devith ពេលនេះបានសម្រេចដកឃ្លាពីអាជីពសិល្បៈដើម្បីចូលសាងផ្នួសមួយរយៈពេលជាការតបស្នងសងគុណដល់លោកអ្នកមានគុណទាំងពីរ(ឪពុក-ម្តាយ)ធ្វើមហាជនជាច្រើននាំគ្នាសម្តែងការគាំទ្រនិងសរសើរពីភាពកត្តញ៉ូមួយនេះ។

បើតាមការរៀបរាប់ឲ្យដឹងពីសាមីខ្លួនលោក G-Devith នៅមុនពេលបួសបានបញ្ជាក់ថាការសាងផ្នួសពេលនេះគឺក្នុងគោលបំណងដើម្បីជាការតបស្នងសងគុណឪពុកម្តាយមួយផ្នែកនិងមួយផ្នែកទៀតគឺលោកត្រូវការភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ និងចង់យល់ដឹងពីព្រះពុទ្ធសាសនាទើបសម្រេចចិត្តទៅបួសតែម្តង។

ចំពោះពេលវាលាដែលត្រូវលាចាកសិក្ខាបទនោះត្រូវបាន G-Devith បញ្ជាក់ដែរថាគឺមិនទាន់កំណត់ច្បាស់នូវវេលាជាក់លាក់ណាមួយនៅឡើយទេ។ដោយបានឃើញកូនចូលសាងផ្នួសបែបនេះឪពុករបស់លោក G-Devith បានថ្លែងបង្ហាញអារម្មណ៍រំភើបចិត្តដោយខ្លីដូច្នេះថាកូនសម្លាញ់ពុក ពុកមានមោទនភាពហួសបរិយាយក្នុងនាមពុទ្ធសានិកដ៏ឧត្តម សូមឲ្យកូនបានស្ងប់ក្នុងពុទ្ធឱវាទ។

ដោយឡែកចាប់អារម្មណ៍មកមើលតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍ G-Devith ឯណ្ណោះវិញនៅរសៀលនេះនាងបានថតរូបភាពជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គមនាអំឡុងពេលទៅថ្វាយបង្គុំគោរពលោក G-Devith ដែរថាសូមបងប្អូនទូទាំងប្រទេសអនុមោទនានូវកុសលផលបុណ្យផងចុះជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺទាំងឡាយ។

សូមឲ្យមារ បវាសជៀសឲ្យឆ្ងាយ សត្រូវទាំងឡាយសូមឲ្យក្លាយជាមិត្ត ប្រថ្នាអ្វីបានសំរេចដូចបំណង សេចក្តីល្អនឹងនាំឲ្យយើងជួបតែភាពជោគជ័យ។ជាមួយគ្នានេះដែរក៏មានទស្សនិកជនមួយចំនួនបាននិយាយថាពិតប្រសើរណាស់ដែល ទេព បូព្រឹក្ស ក្រាបសំពះលោក G-Devith អំឡុងពេលសាងផ្នួសជាព្រះសង្ឃបែបនេះ៕