គម្រោង «Smashed Project» ពង្រឹងស្មារតីសិស្សានុសិស្សខ្មែរអំពីផលប៉ះពាល់នៃការពិសាគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ

របាយការណ៍ថ្មីៗអំពី​កម្មវិធី «Smashed Project» ដែល​បាន​ឧបត្ថម្ភ​ដោយ​អង្គការ APIWSA បានបង្ហាញ​ពី​ភាពជោគជ័យ​ដ៏​ល្អប្រសើរ ដោយបាន​ជួយ​ពង្រឹង​ស្មា​រី និង​អប់រំ​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង។

នៅខាងមុខ​បន្ទប់រៀន គេ​សង្កេតឃើញ​មានការ​សម្តែង​មួយ​ដោយ​តួអង្គ​ដើរតួ​ក្នុង​ឈុត​ជាច្រើន​បង្កប់​ដោយ​ភាព​ទុក្ខព្រួយ និង​ឈឺចាប់ ដូច​អ្វីដែល​កើត​ទ្បើង​ជាក់ស្តែង។ ឈុត​ឆាក​ទាំងនេះ​បង្ហាញ​អំពី​តួអង្គ ឬ​មនុស្ស​ជាទី​ស្រ​ទ្បា​ញ់​របស់គេ​បើកបរ​យានជំនិះ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ហើយ​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​អាណោចអាធ័ម។

បន្ទាប់មក​ការសម្តែង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត ដោយ​ដាក់​បង្ហាញ​ទស្សនិកជន​វ័យក្មេង​ទទួលស្គាល់ថា​ខ្លួន​អាច​នឹង​ជួប​គ្រោះ​អវិជ្ជមាន​បែបនេះ ដែល​បង្កដោយ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

ដោយបាន​ឧ​ប​ត្ត​ម្ភ​ដោយ​អង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ DrinkSafe4KH ការដាក់​ផ្សាយ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​គម្រោង «Smashed Project» នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​កម្មវិធី​ល្ខោន​អប់រំ​ក្នុង​គោលបំណង​ដាស់តឿន​ដល់​យុវជន​អំពី​គ្រោះថ្នាក់​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​មិនទាន់​គ្រប់​អាយុ និង​ខ្វះ​ទំនួល​ខុសត្រូវ។

កម្មវិធី​អប់រំ​ដែលមាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស​មួយ​នេះ ឥឡូវនេះ​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង ១៥ ប្រទេស ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​វាយតម្លៃ​បន្ទាប់ពី​សិក្ខាសាលា​អន្តរ​កម្មនីមួយៗ ដើម្បី​កំណត់​ពី​ប្រសិទ្ធភាព​នៃ​គម្រោង «Smashed Project» នៅតាម​តំបន់​ណាមួយ។ យោងតាម​ការស្ទង់មតិ​ដ៏​ធំ​មួយ​ដែល​បាន​ធ្វើឡើង​ក្នុងចំណោម​សិស្សានុសិស្ស​ក​ម្ពុ​ជា​ដែល​បាន​មើល​ការសម្តែង និង​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ គម្រោង «Smashed Project» ដែល​បានចាប់ផ្តើម​នៅក្នុង ខែមេសា ឆ្នាំ២០១៨ និង​បានដាក់​ទស្សនា​ជូន​សិស្ស​ចំនួន ៦.០២១ នាក់​រហូតដល់​សព្វថ្ងៃ​នេះ បានបង្ហាញ​រួចទៅហើយ​ថា​មាន​ប្រសិទ្ធិភាព​ក្នុងការ​អប់រំ និង​ដាស់តឿន​សិស្សានុសិស្ស​ខ្មែរ​គ្រប់រូប​ឲ្យ​យល់ដឹង​អំពី​ឥរិយាបថ​អវិជ្ជមាន​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ខ្វះ​ការ​ទំនួល​ខុសត្រូវ។

បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៃ​គម្រោង Smashed មាន​ចំនួន​សិស្ស​ដល់​ទៅ ៣៣% បាន​និយាយ​ដោយមាន​ភាព​ជឿជាក់ថា​ពួកគេ​បាន​យល់ដឹង​យ៉ាងច្រើន​អំពី​គ្រោះថ្នាក់​នៃ​ពិសា​គ្រឿង​ស្រវឹង​នៅ​វ័យក្មេង​ហើយ ១៥% ទៀត​បាន​និយាយថា​ពួកគេ​មាន​ទំនុកចិត្ត​ថា​ពួកគេ​នឹង​បង្កើន​ភាព​ប្រុងប្រយ័ត្ន​អំពី​ការ​ពិសា​គ្រឿង​ស្រវឹង។

ការយល់ដឹង​របស់​សិ​ស្សានុសិស្ស​អំពី​គ្រោះថ្នាក់ និង​ហានិភ័យសំខាន់ៗ ដែល​ទាក់ទង​នឹង​ការ​ពិសា​គ្រឿង​ស្រវឹង​ហួសកំណត់ បាន​កើន​ទ្បើង ១៤% បន្ទាប់ពី​កម្មវិធី ហើយ​មានការ​កើនឡើង​ចំនួន ២៦% នៃ​ចំនួន​សិស្ស​ដែល​យល់​ពី​អត្ថន័យ និង​ផលប៉ះពាល់​ដែល​អាច​ជះឥទ្ធិពល​ដោយ «សម្ពាធ​មិត្តភក្តិ»។

ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញថា​សិស្សានុសិស្ស​បាន​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ដែល​កើតមានទ្បើង​លើ​អ្នកបើកបរ និង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយក៏​បង្ហាញ​ពី​ការកើនឡើង​នៃ​ការយល់ដឹង​អំពី​ការពិន័យ​ស្របច្បាប់ផ្សេងៗដែល​ទាក់ទង​នឹង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។ សិស្សានុសិស្ស​ជាច្រើន​ទៀត​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​ដឹង​ពី​ប្រការផ្សេងៗដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ទំនាក់ទំនង​រវាង​ការ​ពិសា​គ្រឿង​ស្រវឹង និង​ការប្រើ​អំពើហិង្សា ដែល​កើន​ទ្បើង​ដល់​ទៅ ១២% ។

ទាក់ទិន​នឹង​ការទំនាក់ទំនង​របស់​ពួកគេ​ក្នុងពេល​សព្វថ្ងៃ​ជាមួយ​គ្រឿង​ស្រវឹង និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង សិស្សានុសិស្ស ៤៥% បាន​អះអាងថា​ពួកគេ​មិន​ពិសា​គ្រឿង​ស្រវឹង​ទាល់តែសោះ។ ក្នុងចំណោម​សិស្ស​ដែល​និយាយថា​ពួកគេ​ពិសា​គ្រឿង​ស្រវឹង ៣៩% បាន​និយាយថា​គេ​មិន​ពិសា​ទ្បើ​យ​មុនពេល​បើកបរ ហើយ​សិស្ស ៤៣% ទៀត​បាន​និយាយថា​ពួកគេ​ហ៊ាន​ធ្វើដំណើរ​តែ​ជាមួយ​អ្នកបើកបរ​ដែល​មិន​ទទួល​គ្រឿង​ស្រវឹង​តែប៉ុណ្ណោះ។ លោកគ្រូ អ្នកគ្រូ ទាំងអស់​បាន​និយាយថា ពួកគាត់​ពេញចិត្ត​កម្មវិធី​ផ្សាយ​ផ្ទាល់​នៃ​គម្រោង Smashed ដោយ​គិតថា​វា​មាន​ប្រសិទ្ធភាព ហើយ​បាន​ស្នើសុំ​ឲ្យ​មាន​ការរៀបចំ​កម្មវិធី​នេះ​ម្តងទៀត​នៅ​សាលារៀន​របស់​ពួកគាត់​ផ្ទាល់​នៅ​ឆ្នាំក្រោយ។

ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​សិល្បៈ Meta House Arts កម្មវិធី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​ដឹកជញ្ជូន​និង​ក្រសួង​អប់រំ។

ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​គឺជា បុព្វហេតុ​ដ៏​ចំបង​មួយ ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច និង​ឧបទ្ទវហេតុ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ភាព​ធ្ងន់ធ្ងរ​ច្រើនជាង​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ និង​គ្រោះថ្នាក់​គ្រាប់មីន​រួមបញ្ចូល​គ្នា​ដល់​ទៅ ៩ ដង​ឯណោះ។ យោងតាម​ទិន្នន័យ​ជាតិ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០១៥ មាន​មនុស្ស​ជាង ២.២០០ នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​មាន​មនុស្ស​លើស ៥.៤០០ នាក់​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​យានជំនិះ និង​ទោចក្រយានយន្ត។ ជាពិសេស អ្នកបើកបរ​វ័យក្មេង​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្តាលមកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

យុទ្ធនាការ DrinkSafe4KH របស់​អង្គការ APIWSA ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​លើ​ការបើកបរ គាំទ្រ​ដល់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ខិតខំ​ដើម្បី​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​កម្ពុជា៕