ស្រីស្អាត សួង សាខារ៉ានីត រក្សាជំហរមិនថតភាពយន្តដែលសម្តែងក្រោយថៃ

ភ្នំពេញ៖តារាសម្តែងរូបស្រស់កញ្ញា សួង សាខារ៉ានីត បានចេញមុខប្រកាសរក្សាជំហររបស់ខ្លួនថាទោះបីជាខាងផលិតកម្មឬស្ថានីយ៍ទូរទស្សន៍ឲ្យតម្លៃខ្លួន(ថតសម្តែង)ខ្ពស់ប៉ុណ្ណាក៏នាងមិនទទួលយករាល់ការហៅថតសម្តែងខ្សែភាពយន្តខ្មែរដែលលេងក្រោយថៃឡើយ។

កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ថាការប្រកាសនេះគឺដើម្បីជាការចូលរួមចំណែកគាំទ្រនិងលើកស្ទួយនូវវិស័យសិល្បៈភាពយន្តរបស់ខ្មែរឲ្យកាន់តែមានភាពលេចធ្លោលើទីផ្សាជាតិនិងអន្តរជាតិ។នាងថាសម្រាប់ខ្ញុំសូមប្រកាស់រក្សាជំហរដាច់ខាតមិនទទួលថតរឿងដែលសម្តែងតាមក្រោយថៃឬរឿងថៃសម្តែងយូហើយ ខ្ញុំលើកឡើងនេះគឺហ៊ាននិយាយ ហើយក៏ខ្ញុំហ៊ានធ្វើដែរ។

តារាស្រី សួង សាខារ៉ានីត បាននិយាយទៀតថាហេតុនេះហើយអ្វីដែលខ្ញុំស្នើរសុំនោះគឺកុំខំប្រឹងយករឿងដែលថៃលេងរួចមកលេងតាមក្រោយគេឬក៏កុំយកអារឿងសម័យរបស់គេមកលេងដណ្ដើមប្រុសគ្នា ហែកហួគ្នាអត់ប្រយោជន៍ហ្នឹង។ឯថៃវិញគឺយករឿងប្រវត្តិសាស្យខ្មែរមកលេង ចុងក្រោយគេដណ្ដើមខ្ទេចគ្មានសល់ហើយគេចោទថាខ្មែរទេជាអ្នកចូលចិត្តចម្លង អាចយល់ខ្លះទេទាំងអ្នកផលិតនឹងអ្នកសម្តែងហ្នឹង?។

សូមបញ្ជាក់ថាការប្រកាសរក្សាជំហរពីសំណាក់តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត នេះគឺធ្វើឡើងស្របពេលដែលអំឡុងពេលមួយរយៈចុងក្រោយនេះមានយុវវ័យខ្មែរមួយចំនួនបាននាំគ្នាផុសផុលងាក់ទៅចាប់អារម្មណ៍គាំទ្រភាពយន្តបរទេស(ថៃ)ធ្វើឲ្យឈ្លួកវង្វែងហើយភ្លេចខ្លួនក្នុងការចូលរួមថែរក្សានូវតម្លៃវប្បធម៌សិល្បៈដ៏ល្អផូរផងនៃជាតិសាស្រ្តខ្លួនឯង៕