កំពូលតារាចម្រៀង ព្រាប សុវត្ថិ ឧបត្ថម្ភអង្ករ២តោនជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖បន្ទាប់ពីកត់សម្គាល់ឃើញប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនកំពុងតែរងគ្រោះដោយសារបញ្ហានៃជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចលង់ផ្ទះសំបែងនិងផលដំណាំផ្សេងៗជាច្រើនគ្រួសារនោះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រកាសចូលរួមឧបត្ថម្ភនូវអង្ករចំនួន២តោនដើម្បីចែកជួនដល់ពួកគាត់។

ទង្វើរមនុស្សធម៌របស់តារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងការចូលរួមចែករំលែកក្តីស្រលាញ់អំឡុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងជួបការលំបាកនិងគ្រោះធម្មជាតិនាពេលនេះក៏ទទួលបានការគាំទ្រនិងសរសើរពីសំណាក់មហាជនគ្រប់ស្រទាប់វ័យផងដែរ។ខណៈមានខ្លះទៀតក៏បានអំពាវនាវឲ្យសិល្បករ-សិល្បការិនីខ្មែរត្រូវចូលរួមដូចលោក ព្រាប សុវត្ថិ ផងនោះ។

បើតាមការឲ្យដឹងពីសំណាក់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ថាសូមគោរពអរគុណដល់គ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដែលបានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងសូមជូនពរដល់ក្រុមគ្រួសារបងឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត។

ជាមួយគ្នានេះដែរក៏មានតារាសិល្បៈប្រុស-ស្រីខ្មែរមួយចំនួនទៀតបានសម្តែងការរន្ធត់ចិត្តនិងបានបង្ហាញការចូលរួមសោកស្តាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានបំផ្លិតបំផ្លាញផលដំណាំ សាលារៀន មន្ទីពេទ្យ ផ្លូវសាធារណៈ ផ្ទះសំបែងប្រជាពលរដ្ឋនិងឆក់យកអាយុជីវិតមនុស្សផងដែរ៕