តារាចម្រៀងប្រុសស្រីល្បីៗ ពីររូបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់

ភ្នំពេញ៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះគេសង្កេតឃើញមានមន្រ្តីថ្នាក់ដឹកនាំ ឧញ្ញា អ្នកជំនួញមួយចំនួនធំបានបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ។

មិនខុសគ្នាពីមន្រ្តីថ្នាក់ដឹកនាំ ឧញ្ញា អ្នកជំនួញនោះទេសម្រាប់តារាសិល្បៈខ្មែរក៏បានផុសផុលនាំគ្នាប្រកាសចូលរួមចំណែកជាថវិកា និងស្បៀងអាហារដើម្បីជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។ ជាក់ស្តែងតារាចម្រៀងប្រុសស្រីល្បីៗ របស់ផលិតកម្មហង្សមាសចំនួន២រូប គឺលោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា ពេលនេះក៏បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនផងដែរ។

តាមការឲ្យដឹងពីប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានបញ្ជាក់ថាចំពោះតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១២៥០ដុល្លារ ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងកំពុងជួបការលំបាក។ ចំណែកឯអ្នកនាង ពេជ្រ សោភា ក៏បានបរិច្ចាគថវិកាចំនួន១០០០ដុល្លារ ជួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះគឺមានខេត្តមួយចំនួននៅប្រទេសកម្ពុជាកំពុងតែងរងនូវផលប៉ះពាល់ធ្ងន់ធ្ងរនូវបញ្ហាជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ផលដំណាំផ្សេងៗរួមទាំងហិដ្ឋារចនាសម្ព័ន្ធនានាទទួលរងការខូសខាតជាច្រើនខណៈក្នុងនោះក៏មានអ្នកស្លាប់ផងដែរ៕