សរសើរទឹកចិត្ត ! ព្រាប សុវត្ថិ បន្តឧបត្ថម្ភថវិកា៤ពាន់ដុល្លារជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ ដោយសារមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះកំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ ពេលនេះបានសម្រេចឧបត្ថម្ភថវិកាចំនួន៤ពាន់ដុល្លារបន្ថែមទៀតដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋនៅតាមខេត្តនានា។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័ក្រចិត្តជួយសង្គមបានបញ្ជាក់ឲ្យដឹងថាដោយសារមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង ទើបតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសាបានបន្តធ្វើការឧបត្ថម្ភនូវទឹកប្រាក់ពាន់ដុល្លារបន្ថែមទៀតសរុបទាំងអស់ចំនួន៥ពាន់ដុល្លារ ។

លោកបន្តទៀតថា ការបរិច្ចាគនេះគឺតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋជួបគ្រោះធម្មជាតិទឹកជំនន់។ ក្រុមគ្រួសារលោក ព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឲ្យចាកឆ្ងាយឆាប់ៗនិងសូមឲ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ។

សូមបញ្ជាក់ថាតារាចម្រៀងលោក ព្រាប សុវត្ថិ កាលពីពេលថ្មីៗនេះក៏បានចូលរួមឧបត្ថម្ភនូវអង្កចំនួន២តោនរួចមកហើយដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហានៃជំនន់បណ្តាលឲ្យលេចលង់ផ្ទះសំបែងនិងផលដំណាំផ្សេងៗជាច្រើនផងដែរ៕