ឃើញហើយចង់ស្រកទឹកភ្នែកតាម លោក យស បូវណ្ណៈ ពុះពារសម្ដែងឈុតភ្លើងឆេះផ្ទះ

តារាជើងចាស់លោក យស បូវណ្ណៈ និងអ្នកស្រី ចាន់ តារាទី ដែលផលិតកម្មមហាហង្សតម្រូវឱ្យជួបគ្នាចាប់គូសារជាថ្មី ស្រាប់តែកម្សត់ដំបូងក្នុងរឿង«លោកឪពុក» ប៉ះចំប្លង់ភ្លើងឆេះផ្ទះទៅហើយ។ មួយឈុតនេះ គេអាចនិយាយថា លះបង់ខ្លាំង ដែលរលកក្រោយគួរតែយកគំរូ​តាម។ គ្រាន់តែបានឃើញការសម្ដែងរបស់កំពូលតារាទាំងពីរដួងនេះម្នាក់ៗស្រក់ទឹកភ្នែកតាមទៅហើយ ខណៈដែលត្រូវភ្លើងឆេះផ្ទះរលាក​រលួយរាងកាយ។ យ៉ាងណាមិញ លោក យស បូវណ្ណៈ ត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង ដែលមានស្លាកស្នាមលើស្បែក និងមានសភាពរលេះរលួយផងដែរ។

លោក យស បូវណ្ណៈ និយាយថា លោកសប្បាយចិត្តណាស់ ដែលបានសម្ដែងបើកឆាក ហើយសម្ដែងឆាកធំតែម្ដង ដែលលោកបានហៅឈុតឆាកនេះថា ជាឈុតដែលគ្រាន់តែអានសាច់រឿង គឺអួលដើមករចង់ស្រក់ទឹកភ្នែក។ ក្នុងនោះលោកក៍បានបញ្ជាក់ថា មិនមានការលំបាកនោះផង ដោយសារតែលោកសម្ដែងប៉ះចំដៃគូល្អៗ និងម្យ៉ាងមកពីលោកដ្បិតថាខានសម្ដែងច្រើនឆ្នាំតែអារម្មណ៍ និងបទពិសោធន៍គឺនៅតែដិតដាមក្នុងអារម្មណ៍។

ស្របគ្នាផងដែរ ផលិតករ និងជាម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានថ្លែងបញ្ជាក់ថា ដោយសារតែលោក យស បូវណ្ណៈ មានពេលថតរឿង«លោកឳពុក» តែប្រមាណ20ថ្ងៃ ទើបខាងផលិតកម្មមហាហង្សសម្រុកចេញថតតែម្ដង ដោយការសម្ដែងលើកដំបូងរបស់អតីតារាល្បីល្បាញកាលពីអំឡុងឆ្នាំ90រូបនេះ គឺសម្ដែងក្នុងប្លង់ធំ ដែលមានតារាសម្ដែងរួមជាមួយច្រើននាក់តែម្ដង។

លោកបន្ដថា ក្នុងប្លង់ត្រូវភ្លើងឆេះផ្ទះនេះ គឺជាប្លង់សំខាន់ជាងគេក្នុងរឿង ហើយក៏ជាប្លង់ដែលតម្រូវឱ្យលោកក្លាយជាបុរសពិការជើងព្រោះតែដើម្បីសង្គ្រោះជីវិតកូនស្រីនោះដែរ ប៉ុន្តែចុងក្រោយកូនស្រីរបស់លោក បែរជាធំដឹងក្ដី ដោយការប្រមាថលោកយស បូវណ្ណៈ ជាឳពុក ព្រោះតែលោកពិការ ក្រីក្រ មិនអាចឱ្យបាងលូយឆាយ ក្នុងពេលពេញវ័យទៅបាន។ លោកថាក្នុងរឿង”លោកឳពុក” មានតួអង្គឳពុក3រូប ដោយលោក យស បូវណ្ណៈ គឺជាឳពុកដៃគូ ជាមួយអ្នកនាង ចាន់ តារាទី ហើយលោកក៍ជាតួឳពុកដែលឆ្លុះបញ្ចាំងពីទឹកចិត្តឳពុកកម្សត់មួយ ដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឱ្យកូនស្រីបានល្អ គឺទោះជាលោកពិការ និងរកស៊ីលក់ដូរតាមរទេះ ដែលកូនស្រីមិនចង់ទទួលស្គាល់ជាឳពុក៕