
កាលពីថ្ងៃទី ០៨ ខែ ធ្នូ នេះ ខាងតំណាងស្ថានទូត កម្ពុជា នៅប្រទេស កូរ៉េ បានរៀបចំសន្និសីទ សារព័ត៌មានស្តីពីការបើកកម្មវិធីសិល្បៈដែលមានលក្ខណៈទ្រង់ទ្រាយធំ ។ តាមគម្រោងកម្មវិធីពិសេសដែលមិនធ្លាប់មាននេះ នឹងរៀបចំឡើងនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រៅពីការ ចូលរួម រាំលេងឆ្លងឆ្នាំយ៉ាងសប្បាយរីករាយ ក៏មានការប្រលងចម្រៀង ការប្រលងសម្រស់ និងការសម្តែងពីសំណាក់តារា ល្បីៗ ខ្មែរ ជាច្រើនផងដែរ ។
តំណាងស្ថានទូត កម្ពុជា ប្រចាំនៅក្នុងប្រទេស កូរ៉េ បានឱ្យដឹងថា កម្មវិធីពិសេសនេះ មានលក្ខណៈ ខុសប្លែកពីកម្មវិធីសព្វដង ដោយសារមានការប្រលងចម្រៀងផង ព្រមទាំងការប្រលង បុរសឯក នារីឯកផង ដែលបេក្ខជនត្រូវចូលរួមសុទ្ធសឹងតែជា ពលករ ខ្មែរ នៅប្រទេស កូរ៉េ ។ លោក រំពឹងទុកថា នឹងមានពលករខ្មែរប្រមាណជាង មួយពាន់នាក់ចូលរួមអបអរសាទរ កម្មវិធី ដ៏អស្ចារ្យនេះ ។ សម្រាប់ការប្រលងនេះគឺពុំមានតម្រូវឱ្យបង់ប្រាក់នោះទេ គ្រាន់តែបេក្ខជនដែលចូលរួមទាំងទិញសំបុត្រដើម្បី ចូលរួមនិងមានពិសារអាហារដោយសេរី អ្វីដែលពិសេសគឺអ្នកដែលជាប់ជ័យលេភី នឹងទទួលបាននូវរង្វាន់ ធំទៀតផង ។
គួរបញ្ជាក់ដែរថា ស្ថានទូត កម្ពុជា នៅប្រទេស កូរ៉េ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកម្មវិធីសិល្បៈដែលមានលក្ខណៈទ្រង់ទ្រាយធំមិន ធ្លាប់មាននៅបំណាច់ឆ្នាំ ២០១៨ នេះដើម្បីអបអរឆ្លងឆ្នាំនិងមានពលករខ្មែររាប់ពាន់នាក់ចូលរួម មិនតែប៉ុណ្ណោះក៏មានវត្តមាន សិល្បករសិល្បការីនីល្បីៗជាច្រើនដែលទៅពីប្រទេស កម្ពុជា ដូចជា លោក សាន ផានិត , ខេម , រ៉ូលីន អ្នកចម្រៀង ស្រី រ័ត្ន រចនា ។
ចំណែកលោក សាន ផានិត ក៏ដូចជាតារាស្រីដែលល្បីបទ មេម៉ាយ សប្បាយចិត្ត គឺនាង រ័ត្ន រចនា បានបញ្ជាក់ប្រាប់ថា អ្នក ទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅសម្តែងជូនបងប្អូន ខ្មែរ យើងនៅប្រទេស កូរ៉េ ដើម្បីរាំលេងកម្សាន្ត នៅបំ ណាច់ឆ្នាំនេះ មិនថាបទចម្រៀង ឬការសម្តែងនានា… ដោយរំពឹងទុកថា នឹងមានបងប្អូនយើងចូលរួមច្រើន បើទោះបីជា នេះជាលើកដំបូងសម្រាប់អ្នកទាំងពីរនៅលើទឹកដី កូរ៉េ ក្តី ។ លោក សាន ផានិត បាននិយាយផងដែរថា លោកពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលមានឱកាសបានចេញទៅ សម្តែងនៅប្រទេស កូរ៉េ ទោះបីជាលោកខកខានក្នុងការសម្តែងជាយូរឆ្នាំមកហើយ ក្តីលោកនឹងព្យាយាមសម្តែងឱ្យបានល្អ បំផុតទៅតាមអ្វីដែលអាចធ្វើបាន ។
លោក ឡេង ណាវ៉ាត់ត្រា វិញគឺជាដៃគូសហការក្នុងការរៀបចំព្រឹត្តិការណ៍តន្រ្តីនេះឡើង លោកនិយាយថា បងប្អូនពលករ កូរ៉េ ច្បាស់ជាសប្បាយរីករាយជាមួយនិងកម្មវិធីសិល្បៈនេះជាមិនខាន បន្ទាប់ពីធ្វើការហត់នឿយពេញមួយឆ្នាំ លោកសង្ឃឹមថា នឹងមានបងប្អូនពលករយើងចូលរួមច្រើន ពីព្រោះនាថ្ងៃនោះយើងមានកម្មវិធីសិល្បៈជាច្រើន។ កម្មវិធីមួយនេះគម្រោងទទួលអ្នកចូលរួម១៥០០នាក់ ដោយសារតម្រូវការសាល ខណៈដែលអ្នកប្រលងចម្រៀង និងប្រលងសម្រស់ជាប់ ក៏នឹងមានសកម្មភាពសិល្បៈតូចធំច្រៀងរាំនៅកូរ៉េក្រោមការរៀបចំរបស់ទូត ហើយពេលត្រលប់មកកាន់កម្ពុជាវិញ ក៏នឹងមានឱកាស ក្លាយជាតារាអាជីព ៕