ខេមរៈ សេរីមន្ត ថ្លែងសារដាស់តឿនស្មារតីមហាជនខណៈ សុន ស្រីពេជ្រ ឈឺផ្សារចិត្តដោយសារកូវីដ-១៩

ភ្នំពេញ៖ស្របពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងផ្ទុះឡើងជាថ្មីក្លាយជាក្តីព្រួយបារម្ភរបស់មហាជននោះតារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសលោក ខេមរៈ សិរីមន្ត ពេលនេះបានថ្លែងសារខ្លីដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរត្រូវមានការប្រុងប្រ័ត្ននិងថែរក្សាអនាម័យខ្ពស់ដើម្បីចៀសផុតពីការឆ្លងជំងឺមួយនេះ។

តាមរយៈខ្លឹមសារដែលត្រូវបានតារាចម្រៀងលោក ខេមរៈ សិរីមន្ត បង្ហោះធ្វើការអំពាវនាវនោះបានលើកឡើងថាខ្ញុំបាទ ខេមរៈ សិរីមន្ត សូមជូនសារដ៏សំខាន់មួយទៅកាន់បងប្អូនទាំងអស់គ្នាអំពីជំងឺកូវីត-១៩។លោកបានរៀបរាប់ក្នុងឃ្លឹបវីដេអូរបស់ខ្លួនទៀតថាខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់បងប្អូនទាំងអស់គ្នា សូមបងប្អូនទាំងអស់គ្នាចូលរួមយ៉ាងសកម្មជាមួយនឹងការបង្ការជំងឺឆ្លងកូវីដ-១៩តាមរយៈការចេញទៅខាងក្រៅនាំគ្នាពាក់ម៉ាស់ និងមានអាល់កុលក្នុងដៃ ។

លោកបន្តទៀតថាសូមបងប្អូនកុំប៉ះពាល់របស់របរនៅខាងក្រៅផ្ដេសផ្ដាស ជាពិសេសរាល់ការជួបជុំគឺត្រូវរក្សាគម្លាតពីគ្នាក្នុងចម្ងាយពី ១ម៉ែត្រ ទៅ២ម៉ែត្រ ប្រសិនបើមិនចាំបាច់បងប្អូនគួរតែនៅផ្ទះ ព្រោះជាការបង្ការដ៏មានប្រសិទ្ធភាព។ខ្ញុំបាទសូមជូនពរបងប្អូនទាំងអស់គ្នាឆ្លងផុតនូវដំណាក់កាលដ៏លំបាកនេះ ទទួលបានសុខភាពល្អ និងជោគជ័យទាំងអស់គ្នា សូមចូលរួមអនុវត្តន៍តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។

ដោយឡែកសម្រាប់តារាចម្រៀងស្រីអ្នកនាង សុន ស្រីពេជ្រឯណ្ណោះវិញក្រៅតែបង្ហាញពីក្តីព្រួយបារម្ភចំពោះបញ្ហាជំងឺកូវីដ-១៩គឺតារាស្រីរូបនេះថែមទាំងសម្តែងពីអារម្មណ៍មិនសប្បាយចិត្តដោយសារតែកម្មវិធីមួយចំនួនដែលបានទទួលត្រូវលុបចោលវិញ។អ្នកនាង សុន ស្រីពេជ្រ បានរៀបរាប់ថាឈឺផ្សារចិត្តប៉ុណ្ណា ដែលថ្ងៃនេះកំពុងបញ្ចូលបទសុខៗស្រាប់តែមានគេផ្ញើសារមកក្នុងឆាតមកថា សួស្តីអូន ! កម្មវិធីមង្គលការសូមលើកទៅពេលក្រោយ។

អ្នកនាង សុន ស្រីពេជ្រ បាននិយាយទៀតថា បន្តិចក្រោយមកទៀតមានម្ចាស់ដើមការខល(ហៅទូរស័ព្ទ)មកថា អាឡូអូនអូនអើយថ្ងៃទី០៦ខែធ្នូ ហ្នឹងសូមផ្អាកការសិន។ក្រោយពេលដាក់ទូរស័ព្ទចុះមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែបងមេអាហ្វែរខលមកទៀតតែខ្ញុំមិនអោយគាត់និយាយបានមុនទេខ្ញុំថាម៉េចទៀតហើយលើកការទៀតហើយហ៍?។

អ្នកនាងបន្ថែមថាអរគុណដែលបានអាន ហើយក៏ជំរាបលាទាំងគ្រាំគ្រាបេះដូងអាកូវីដអើយខ្ញុំសូមដាក់បណ្តាសារអោយអាកូវីដឯងរលាយរលត់បាត់ពីផែនដីអាចង្រៃ។ សូមជម្រាបដែរថាដោយសារតែបញ្ហាជំងឺកូវីដ-១៩បានផ្ទុះឡើងជាថ្មីនោះរាជរដ្ឋាភិបាលក៏បានប្រកាសឲ្យផ្អាក់នូវការរៀបអាពាហ៍ពិពាហ៍រយៈពេល១៥ថ្ងៃនិងការជួបជុំផ្សេងៗដែលមានគ្នាលើសពី២០នាក់ឡើងទៅផងដែរ៕