
នៅសល់តែ១៧ថ្ងៃទៀតត្រូវចូលរោងការ បុរសម្នាក់ជួបគ្រោះអកុសលយ៉ាងរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលទៅប៉ះដៃចង្កូតជាមួយនឹងរ៉ឺម៉កម៉ូតូហើយជ្រុលទៅបុករថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលអោយបុរសម្នាក់ជាអ្នកបើកបរម៉ូតូដួលបោកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលជិះពីក្រោយត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានរងរបួសស្រាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបោះពុម្ភ និងជាគ្រូល្បុក្កតោ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រាព្រះ ឃុំព្រែកតាស ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូ ។ ចំណែកមិត្តភក្តិដែលអ្នករួមដំណើរបានរងរបួសស្រាលឈ្មោះស សៀវ វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបោះពុម្ភ មានស្រុកកំណើតជាមួយនឹងជនរងគ្រោះ ។ រីឯនារីជាគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ ពៅ ពិសិដ្ឋ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
គួរជម្រាបដែរថា មុនពេលរៀបការ ជនរងគ្រោះបានថតរូបPree-wedding បែបបុរាណ តែមើលទៅហាក់ដូចជាមានប្រផ្នូលមិនល្អ ព្រោះថា រៀបបង្វេចលាគ្នាបែកទៅស្រុកឆ្ងាយ ដូចដែលធ្លាប់បានសម្ដែងនៅក្នុងប្រភេទរឿងខ្មោច លុះដល់ឥលូវខាងកូនកម្លោះស្លាប់បាត់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងចែកធៀបការនេះហើយ៕