
តារាចម្រៀងស្រីស្ទាយបែបK-pop កញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃបុណ្យណូអែល បានរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ភ្លាមៗ បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។
ក្រោយកើតហេតុការណ៍ភ្លាមៗនោះ សារព័ត៌មានក្នុងស្រុកមួយបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទឆ្លើយឆ្លងជាមួយ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យ ថៃ នរៈសត្យា នៅព្រឹកថ្ងៃទី26 ខែធ្នូ នេះ បានមានប្រសាសន៍ថា ករណីបុរសម្នាក់ជះ ស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ពេលកំពុងឡើងច្រៀង វាជាអង្គរឿងតូច បើយើងបំប៉ោងឱ្យធំ គឺធំហើយ «រឿងគប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំ»។
បន្ទាប់ពីមានការចុះផ្សាយបែបនេះ អ្នកនាង ស្រីម៉ុច ដែលវិះតែទទួលរងការព្រមានពីក្រសួងវប្បធម៌កាលពីថ្មីៗ ទាំងដែលខ្លួនមិនមែនជាតារាក្ដី បានបញ្ចេញប្រតិកម្មហួសចិត្តជាខ្លាំង។ អ្នកនាងបានរៀបរាប់តាមបណ្ដាញហ្វេសប៊ុកថា៖ «Hahaaa what a joke!! រឿងប្រាកដជាតូចហើយចំពោះគាត់ ព្រោះវាមើលមិនឃើញធំដូចខ្ញុំ។ខ្ញុំមិនដឹងថា ជាពាក្យដែលលោកពូនិយាយដោយផ្ទាល់រឺទេ តែគួរមើលយកចិត្តទុកដាក់ដល់សិល្បៈគ្រប់រូបផង វាករណីដែលមិនសមហ្នឹងមានឡើយ លើកហ្នឹងទឹក ចុះបើច្រៀងៗគ្រាប់កាំភ្លើងវិញ តើយ៉ាងមិចទៅ។បើខ្ញុំនិយាយអ្វីខុសអោយខ្ញុំសូមទោស ខ្ញុំគ្រាន់តែមានយោបល់ក្នុងនាមជាប្រជាជនម្នាក់»៕