សមាគម ហ្វារពន្លឺសិល្បៈ នឹងសម្ដែងសៀកយូរបំផុត 24 ម៉ោងជាប់គ្នា ដើម្បីបំបែកកំណត់ត្រាពិភពលោក

ប្រិយមិត្តដែលនិយមធ្វើដំណើរកម្សាន្តទៅខេត្តសៀមរាប ប្រហែលជាមិនដែលខកខានទៅចូលរួមទស្សនាល្ខោនសៀករបស់ល្ខោនសៀកកម្ពុជាហ្វារ ដែលបានហ្វឹកហាត់នៅសមាគមហ្វារពន្លឺសិល្បៈ នាខេត្តបាត់ដំបង  ដោយសារតែការសម្ដែងប្រកបដោយសាមគ្គីភាព ថាមពល វេទមន្ដ និងភាពរស់រវើក បង្កប់ដោយអត្ថន័យនៃរឿងនីមួយៗ។ នៅថ្ងៃទី 7  និងទី8  ខែមីនាខាងមុខនេះ ក្រុមសិល្បករ សិល្បការិនីទាំងអស់របស់ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈនឹងធ្វើការសម្ដែងល្ខោនសៀកដែលមានរយៈពេលយូរជាងគេ គឺចំនួន 24 ម៉ោងជាប់គ្នាដើម្បីបំបែកកំណត់ត្រាពិភពលោក World Guinness Record នៅក្នុងតង់សម្ដែងសៀក ខេត្តបាត់ដំបង

ជារឿយៗ កាលវិភាគសម្ដែងរបស់ក្រុមសិល្បកររបស់យើងតែងប្រារព្ធឡើងជារៀងរាល់រាត្រីថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ដោយឡែក សម្រាប់សប្ដាហ៍នេះ ត្រូវនឹងថ្ងៃទី 5 និងទី 6 មីនា ខាង ល្ខោនសៀកកម្ពុជានៅខេត្តសៀមរាប មិនមានការសម្ដែងឡើយ គឺក្រុមការងារត្រូវត្រៀមលក្ខណៈដើម្បីចូលរួមការសម្ដែងរយៈពេល 24 ម៉ោងពេញដើម្បីបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃអាទិត្យ ទី  7 ចាប់ពីម៉ោង 8 ព្រឹកដល់ថ្ងៃច័ន្ទ ទី  8 ខែមីនា ម៉ោង 8:01 ព្រឹកវិញ ដោយមានទីតាំងសម្ដែងនៅខេត្តបាត់ដំបង។ សម្រាប់បងប្អូន ប្រិយមិត្តដែលមានបំណងចង់ចូលរួម ធ្វើការបំបែកកំណត់ត្រាពិភពលោកថ្មីនៃការសម្ដែងសៀកដែលមានរយៈពេលវែងជាងគេបំផុតជាមួយនឹង សមាគម ហ្វារពន្លឺសិល្បៈ គឺអាចចូលរួមបានដោយគ្រប់ពេលវេលា និងឥតគិតថ្លៃ ប៉ុន្តែ កៅអីនឹងមានចំនួនកំណត់ដោយសារយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃវីរុសឆ្លងកូវីដ 19។ លោកអ្នកអាចចុះឈ្មោះមកទស្សនាបានតាមរយៈលេខទូរស័ព្ទ 077 554 413 ឬអ៊ីមែល [email protected] ជាមុន ហើយប្រសិនបើលោកអ្នកមានសមាជិកចូលរួមច្រើនជាង 10 នាក់ គឺត្រូវតែកក់ទុកជាមុនណា ប្រយ័ត្នអត់កន្លែងអង្គុយណា! ពេលចួលរួម លោកអ្នកតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតជានិច្ច។ អនាម័យ និងការការពារជាចំបង។ សម្រាប់លោកអ្នកដែលមិនអាចចូលរួមទស្សនាដោយផ្ទាល់បាន ក៏អាចទស្សនាការផ្សាយផ្ទាល់ពីក្រុមការងារផងដែរ។ សូមតាមដានទំព័រហ្វេសបុក Phare Ponleu Selpak និង Phare, The Cambodian Circus

អូ! ប្រសិនបើលោកអ្នកមានបំណងចង់បរិច្ចាគដល់សមាគម ហ្វារពន្លឺសិល្បៈ នេះ លោកអ្នកក៏អាចបរិច្ចាគបានផងដែរតាមរយៈធនាគារ ABA – PHARE PONLEU SELPAK : 000 784 673 ដែលថវិការទាំងអស់នឹងត្រូវប្រើដើម្បីទ្រទ្រង់ដល់សមាគមទាំងមូល ដោយសារបច្ចុប្បន្ននេះ ចំណូលដែលរកបានពីការសម្ដែងត្រូវបានធ្លាក់ចុះទាំងស្រុងដោយសារវិបត្តិកូវីដ 19។

ដើម្បីសិល្បៈសៀកដ៏រស់រវើករបស់យើងនៅបន្តការសម្ដែង សូមចូលរួមគាំទ្រទាំងអស់គ្នាណា៎!