ដឹងអត់?? វិមានឈ្នះ-ឈ្នះ សង់ឡើងតាមរចនាបទអ្វី ?

វិមាន​ ឈ្នះ-ឈ្នះ​ ត្រូវបានសាងសង់ ឡើងនៅលើផ្ទៃដីទំហំ ៨ហិកតា មានកម្ពស់ ៥៤ម៉ែត្រ និងទទឹង ៣៦ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ។

វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ​ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយចំណាយទឹកប្រាក់ប្រមាណ ១២លានដុល្លារ។ វិមាននេះបានសាងសង់ដោយ ស្នាដៃកូនខែ្មរសុទ្ធសាធ និងត្រូវបានសាងសង់ឡើង ដោយបានដកស្រង់ចេញពី​ខ្លឹមសារគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន​ តាម​រចនាបទប្រាសាទ​បុរាណខ្មែរកោះកេរ និងសម័យទំនើប ដែលមានរៀង៤ជ្រុងស្មើគ្នា។

សូមជម្រាបថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕