
ជំងឺបាក់ទឹកចិត្ត (Depression) ជាជំងឺមួយដែលចាស់ៗគាត់មិនយល់ គាត់គិតថាវាគ្រាន់តែជារឿងធម្មតា… រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្តមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការមនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯងមិនចូលចិត្តភាពរញ៉េរញៃ មនុស្សច្រើនលាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯងខឹងមួរម៉ៅច្រើនមានពេលខ្លះគិតរហូតទាល់តែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅយើងអត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ យូរៗទៅមានអារម្មណ៍ថាមិនចង់ធ្វើជាបន្ទុករបស់នណារម្នាក់ មានអារម្មណ៍ខ្លួនគ្មានតម្លៃ គិតអ្វីមិនចេញធ្វើអ្វីមិនកើតគ្មានកម្លាំងចិត្ត យូរៗទៅគិតថាសេចក្ដីស្លាប់ជាជម្រើសល្អបំផុត ។
បើការនិយាយចេញអោយធូរចិត្តបានបន្តិចមែន តែការលើកទឹកចិត្តទៅវិញ គឺមានតែពាក្យ កុំគិតច្រើន កុំខ្វល់ច្រើន តែអ្នកទាំងនោះបានតែនិយាយបានតែដឹងថា ពិបាកចិត្ត តែធាតុពិតអារម្មណ៌នៃខួរក្បាល វាកំពុងឈឺចាប់ប៉ុនណា គេទាំងនោះអត់បានដឹងលឺទេ រហូតចុងក្រោយអាចគិតអ្វីមិនចេញធ្វើអ្វីមិនកើតគ្មានកម្លាំងចិត្ត យូរៗទៅគិតថាសេចក្ដីស្លាប់ជាជម្រើសល្អបំផុត។ ស្វែងយល់ពីអាការៈជំងឺបាក់ទឹកចិត្ត (Depression) :
អ្នកដែលមានជំងឺបាក់ទឹកចិត្តតែងតែសោកសៅ អស់សង្ឃឹម ឯកោ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីដែលពួកគេធ្លាប់ចូលចិត្ត។ អារម្មណ៍ទាំងអស់នេះអាចរំខានដល់សមត្ថភាពរបស់ពួកគេក្នុងការមានដំណើរការត្រឹមត្រូវ និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគុណភាពនៃជីវិត ។
ភាគច្រើនមនុស្សសុទ្ធតែដឹងពីរោគសញ្ញាផ្នែកផ្លូវចិត្តនៃជំងឺបាក់ទឹកចិត្ត ប៉ុន្តែរោគសញ្ញាលើរាងកាយទាក់ទងនឹងជំងឺបាក់ទឹកចិត្តតែងតែត្រូវបានមើលរំលង ដោយសារតែរោគសញ្ញាទាំងនោះហាក់ដូចជាមិនមានការទាក់ទងជាមួយជំងឺនេះទេ។ ដើម្បីអាចកត់សម្គាល់ពីជំងឺបាក់ទឹកចិត្ត អ្នកក៏ត្រូវដឹងពីរោគសញ្ញារបស់វាចំពោះរាងកាយផងដែរ ។ ដោយសារវាអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល ។
សញ្ញានៃជំងឺបាក់ទឹកចិត្តដែលអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ ៖
១-មានបញ្ហាក្នុងការគេង
ជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យមានរោគសញ្ញានៃការគេងមិនលក់ជាច្រើនរួមទាំងការពិបាកក្នុងការគេងលក់ គេងភ្ញាក់ច្រើនដង និងងងុយគេងនៅពេលថ្ងៃ ។
ការគេងមិនបានលក់ល្អក៏អាចនាំឱ្យមានជំងឺថប់អារម្មណ៍ និងធ្វើឱ្យស្ថានភាពនៃជំងឺបាក់ទឹកចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺន។
២-បញ្ហាប្រព័ន្ធរំលាយអាហារ
ជំងឺបាក់ទឹកចិត្តក៏មានការទាក់ទងយ៉ាងខ្លាំងជាមួយបញ្ហានៃការរំលាយអាហារ ដូចជាការហើមពោះ ទល់លាមក រលាកពោះវៀន និងជំងឺដទៃទៀត ។ លើសពីនេះអ្នកដែលមានជំងឺបាក់ទឹកចិត្តមានទំនោរទទួលទានអាហារដែលមានជាតិស្ករច្រើន បណ្តាលឱ្យមានការរលាកក្នុងខួរក្បាល និងធ្វើឱ្យមានអតុល្យភាពនៃបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀន ។
៣-ស្រក ឬឡើងទម្ងន់
ជំងឺបាក់ទឹកចិត្តប៉ះពាល់ដល់អ៊័រម៉ូនដែលគ្រប់គ្រងចំណង់អាហារ និងអាចធ្វើឱ្យអ្នកចង់ញ៉ាំច្រើន ឬតិចជាងធម្មតា ។ ស្របពេលគ្នានេះដែរ បញ្ហាដំណេកដែលទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តក៏អាចធ្វើឱ្យមានបញ្ហានេះផងដែរ ដោយសារតែការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ៊័រម៉ូននៃការឃ្លាន និងឆ្អែតដំណើការខុសប្រក្រតី ។
ប្រសិនបើអ្នក ឬនរណាម្នាក់មានការប្រែប្រួលទម្ងន ់ភ្លាមៗ ចូរទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុ រួមទាំងលទ្ធភាពនៃការកើតជំងឺបាក់ទឹកចិត្ត ។
៤-ការឈឺចាប់
ជួនកាលការឈឺសាច់ដុំ ឬសន្លាក់អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ។ នៅពេលដែលអ្នកលាក់អារម្មណ៍របស់អ្នក ពួកវានឹងសម្តែងចេញមកខាងក្រៅតាមរយៈការឈឺចាប់លើរាងកាយ ។ មិនថាវាជាការឈឺក្បាល ឬឈឺចង្កេះការរំញោចអារម្មណ៍អាចបង្ហាញឱ្យឃើញពីការឈឺចាប់ផ្នែករាងកាយ ។
ក្នុងករណីខ្លះការឈឺចាប់ក៏នាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ ។ ឧទាហរណ៍ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងនៅពេលដើរ ឬពេលធ្វើការងារផ្ទះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ៕