ស្ថានភាពអាការៈលោកពូ សាន ម៉ៅ បានធូរស្បើយបន្ដិចហើយ ខណៈកំពុងព្យាបាលនៅប្រទេសថៃ

ហើយមុននេះបន្តិច ប្រធានសមាគមន៍សិល្បៈអ្នកនាង ចនច័ន្ទ លក្ខិណា បានផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺរបស់ លោកពូ សាន ម៉ៅ ដែលតារាកំប្លែងជើងចាស់រូបនេះ កំពុងស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរ។ ហើយក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃ ពេលនេះលោកពូត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃហើយ។

អ្នកនាង ចនច័ន្ទ លក្ខិណា បានបង្ហើបពីការចំណាយព្យាបាលរបស់លោក ពូ សានម៉ៅ បានឱ្យដឹងថា « ពេលនេះលោកពូ សាន ម៉ៅ កំពុងសម្រាកព្យាបាលនៅមន្ទីរមួយដែលស្ថិតនៅ ខេត្តស៊ីសាកេត ប្រទេសថៃ។ អំឡុងពេលលោកពូព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសខ្មែរ​ ក្នុងបន្ទប់សង្គ្រោះបន្ទាន់រយះពេល21ថ្ងៃគាត់ចំណាយអស់ជិត 10000$។ គ្រួសាររបស់លោកពូបានយកផ្ទះ និង ឡាន ទៅបញ្ចាំបានថវិការចំនួន 15000$ ដើម្បីយកលោកពូទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ហើយមកដល់ពេលនេះគឺគាត់បានចំណាយលើថ្លៃរថយន្តសង្គ្រោះពីភ្នំពេញដល់ព្រំដែនខ្មែរថៃអស់ 3000$ ហើយថ្លៃរថយន្តសង្គ្រោះពីព្រំដែនខ្មែរថៃទៅខេត្តស៊ីសាកេតប្រទេសថៃគឺចំណាយអស់ជាង 7000បាត នេះគ្រាន់តែថ្លៃរថយន្តដឹកអ្នកជំងឺទេ ថ្លៃព្យាបាលគឺមិនទាន់ដឹងនៅឡើយទេ »។

យ៉ាងណាមិញ ប្រធានសមាគមន៍សិល្បៈរូបនេះក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តបញ្ចូលលោកពូ សានម៉ៅ គឺដោយសារអារម្មណ៍ផ្លូវចិត្តរបស់ក្រុមគ្រួសាររបស់លោកពូ សម្រេចចង់នាំលោកពូទៅព្យាបាលនៅប្រទេសថៃ ក្រែងអាចព្យាបាលឱ្យអាការៈរបស់លោកបានធូរស្បើយប្រសើឡើង។ យ៉ាងណាមិញ ពេលនេះស្ថានភាពរបស់លោកបានធូរបន្តិចហើយ៕