តារាសម្ដែងមីយ៉ាន់ម៉ា Paing Takhon អតីតតួឯកក្នុងរឿង The Red Wall របស់ផលិតកម្ម LD Picture ត្រូវជាប់ដីកាចាប់ខ្លួន

ដូចមហាជនបានដឹងកន្លងមកថា តារាសម្ដែង និងដើរម៉ូដ​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា Paing Takhon ដែលមានប្រជាប្រិយភាពទទួលបាននូវ​ការចាប់​អារម្មណ៍យ៉ាងខ្លាំង ពាសពេញបណ្ដាប្រទេសជាពិសេសប្រទេសជិតខាងតែម្ដង ដោយសាររូបសម្រស់ដ៏ស្រស់សង្ហា និងទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់លោកនោះ ខណៈនេះលោកត្រូវបានរដ្ឋាភិបាលយោធាភូមាប្រកាសដីកាចាប់ខ្លួន

គួររំលឹកដែរថា តារាឯកប្រុសរូបនេះ​ត្រូវបានផលិតកម្ម LD Picture បានសហការជាមួយផលិតកម្ម Real Bros Production (ភូមា) បានជ្រើសរើសលោកសម្ដែង​ជាតួឯកប្រុស​ក្នុង​ខ្សែភាពយន្តរបស់ខ្មែរ ដែលមានចំណងជើងថា «ជញ្ជាំងក្រហម» របស់​ផលិតកម្ម LD Picture កាលអំឡុងឆ្នាំ​២០២០។ រហូតមកទល់ពេលនេះ គេទទួលដំណឹងថា រដ្ឋាភិបាលយោធាភូមា បានចេញដីការចាប់ខ្លួនតារាសិល្បៈដូចជា តារាចម្រៀង តារាសម្ដែង និងបុគ្គលល្បីៗនៅក្នុងប្រទេស ដែលបានចេញមុខតវ៉ាប្រឆាំងធ្វើរដ្ឋប្រហារដ្ឋាភិបាល ដែលមានចែងក្នុងច្បាប់505 របស់ភូមា។

ច្បាប់នោះ ត្រូវបានបោះពុម្ពចែកផ្សាយ ដែលនៅក្នុងនោះគេឃើញមានរូបភាពរបស់ តារាសម្ដែងមីយ៉ាន់ម៉ា Paing Takhon  ត្រូវបានជាប់ដីកាចាប់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមានក្ដីព្រួយបារម្ភ។ សូមជម្រាបដែរថា មកទល់ពេលនេះគេនៅមិនទាន់ដឹងថា តារាប្រុសរូបនេះ ត្រូវរដ្ឋាភិបាលយោធាភូមាចាប់ខ្លួនបានហើយឬនៅនោះទេ។ តែយ៉ាងណាមិញ គេបានដឹងថា តារាសម្ដែងប្រុសរូបនេះបានបាត់ខ្លួន ក្រោយពីក្រុមគ្រួសារលោកបានប្រកាសស្វែងរកសមាជិកគ្រួសារ ។ លោក Paing Thakonបានចាប់ផ្តើមលេចមុខចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ដើម្បីចេញតវ៉ាជាមួយក្រុមបាតុកម្មគាំទ្ររដ្ឋាភិបាលរបស់អ្នកស្រីអោងសាន ស៊ូជី ក្រោយអ្នកស្រីត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំងនោះ៕