ហេតុអ្វីគួរសិក្សាវិស័យការទូត?

យោងទៅតាម​ឯកសារ​ស្តីពី អ្នកការទូត និង​ច្បាប់​អន្តរជាតិ បានកំណត់​និយមន័យ​នៃ «ការទូត»ថា គឺជា​ទំនាក់ទំនង​ផ្លូវការ​រវាង​រដ្ឋ​និង​រដ្ឋ​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​ការងារ​ជាមួយគ្នា ដូចជា​ការស្វែងរក​ស​ន្តិ​ភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និង​វប្បធម៌ ជាដើម។ មុខងារ​ចម្បង​របស់​ការទូត គឺ​ការចរចារ​ដើម្បី​បង្ហាញ​នូវ​ផលប្រយោជន៍​ទូទៅ​របស់​រដ្ឋ​មួយ ឬ​តួអង្គ​មិនមែន​រដ្ឋ ដូចជា អង្គការ​អន្តរជាតិ និង​ដើម្បី​ដោះស្រាយ​ជម្លោះ​អ្វីមួយ​ដែល​កើតមាន​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ។

បើតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បានឱ្យ​និយមន័យ «ការទូត» មកពី​ពាក្យ​ថា ទូត សំ. បា. (ន. ឬ គុ.) អ្នក​ដែល​គេ​បញ្ជូន ដែល​គេ​ប្រើ​ទៅ; អ្នក​នាំ​ការ នាំ​ដំណឹង​ពី​ម្ខាង​ទៅ​ម្ខាង ។ មន្ត្រី​ស័ក្ដិធំ​ដែល​រាជការ​ចាត់​ទៅជា​តំណាង ដើម្បី​នៅ​និយាយ​ផ្ទាល់​នឹង​រដ្ឋបាល​ប្រទេស​ដទៃ (ម. ព. រាជទូត) ។

រាជទូត សំដៅលើ​ព្រះរាជ​បម្រើ​អ្នក​នាំ​ព្រះរាជ​សាសន៍​ទៅកាន់​ប្រទេស​ដទៃ (ក្នុង​បុរាណសម័យ); អ្នករាជការ​ដែល​ចេញទៅ​នៅក្នុង​ប្រទេស​ដទៃ​ជា​តំណាង​ជាតិ​និង​ប្រទេស​របស់ខ្លួន (ក្នុងសម័យ​បច្ចុប្បន្ន)។ រាជទូតក្រិយា (–ទូ​ត័ក​ក្រិ​យ៉ា) ក្រឹត្យ​ឬ​ច្បាប់, មុខក្រសួង​របស់​រាជ​ទូត ។ រាជទូតានុទូត (សំ. បា. <រាជទូត+អនុទូត) រាជទូត​និង​រាជទូត​បន្ទាប់, រាជទូត​ធំ​និង​តូច (ម. ព. ទូត ន. ឬ គុ. និង ទូតានុទូត) ។

ឧទាហរណ៍ សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដែល​អូសបន្លាយ​ជិត​ពីរ​ទសវត្សរ៍​ត្រូវបាន​បញ្ចប់​តាមរយៈ​ការប្រើប្រាស់​នូវ​នយោបាយ​ការទូត​របស់​គូភាគី​បដិបក្ខ​នៅក្នុង​ជម្លោះ​ដែល​រួមមាន​ភាគី​រដ្ឋ​កម្ពុជា និង​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (ហ្វ៊ុនស៊ិនប៉ិច ខ្មែរក្រហម និង​រណសិរ្ស​រួបរួម​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ) ហើយ​ជា​លទ្ធផល​នៃ​នយោបាយ​ការទូត​នេះ ភាគី​ទាំងអស់​បាន​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ចុះ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា។

នៅក្នុង​ឆ្នាំ២០១២ មាន​មនុស្ស​ច្រើនជាង​មួយរយ​លាន​នាក់​ដែល​បានធ្វើ​ដំណើរ ហើយ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ដែល​បាន​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍ បាន​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល សាជីវកម្ម​ចម្រុះ​ជាតិ​សាសន៍ មាន​ចំនួន​ថវិកា​ដែល​ធំ​ជាង​ចំនួន​សរុប​របស់​ប្រទេស​ជាច្រើន​ក្នុង​លោក។  នៅពេលដែល​យើង​ធ្វើការ​សិក្សា​ពី​ទំនាក់ទំនង​អន្តរជាតិ  វិស័យ​ការទូត​ដើរតួនាទី​ដ៏​សំខាន់ ក្នុង​ការជួយ​ឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​យល់ដឹង​ពី​ទំនាក់ទំនង​អន្តរជាតិ។ ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​ខ្លះ ដែល​បញ្ជាក់​ពី​មូលហេតុ​ដែល​យើង​ពិចារណា​ក្នុងការ​សិក្សា​ពី​វិស័យ​ការទូត៖

១) ការទូត​មិន​ត្រឹមតែ​ជា​នយោបាយ​សម័យ​បច្ចុប្បន្ននេះ អ្នកការទូត​ជាច្រើន​ធ្វើការ​ស្រាវជ្រាវ​លើ​ប្រធានបទផ្សេងៗគ្នា។ មនុស្ស​ខ្លះ​ធ្វើការ​លើ​វិស័យ​បរិស្ថាន ដូចជា​ការផ្លាស់ប្តូ​រប​រិ​យា​កាស​ជាដើម។ មនុស្ស​ខ្លះទៀត​ធ្វើការ​ដោះស្រាយ​បញ្ហា​បច្ចេកវិជ្ជា វិទ្យាសាស្ត្រ បញ្ហា​ឆ្លងដែន (ដូចជា​ការជួញដូរ​ម​នុស្ស) បញ្ហា​សុខភាព​ពិភពលោក និង​ការអភិរក្ស​ទ្រព្យសម្បត្តិ​វប្បធម៌។

២) អ្នកការទូត​អាចបង្កើត​នូវ​ឥទ្ធិពល​មួយ អ្នកការទូត​ធ្វើការ​ប្រឆាំងនឹង​ភេរវកម្ម  និង​សម្របសម្រួល​កិច្ច​ខំប្រឹងប្រែង​ដែលមាន​ឥទ្ធិពល​ខ្លាំង​ជាមួយនឹង​អង្គការ​អន្តរជាតិ​ដទៃទៀត។ អ្នកការទូត​ធ្វើការ​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច ជួយ​ប្រជាពលរដ្ឋ និង​លើក​កំពស់​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រទេស​របស់ខ្លួន​នៅឯ​បរទេស។ មានពេលខ្លះ អ្នកការទូត ក៏​ធ្វើការ​ដើម្បី​លើក​កំពស់​សិទ្ធិ​ស្ត្រី និង​កុមារ និង​កម្មវិធី​អភិវឌ្ឍ​ដែល​ជួយ​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​បស់​មនុស្សជាតិ។

៣) អ្នកការទូត​មានការ​យល់ដឹង​ពី​ប្រទេស​ដ៏​ទៀត ផ្នែក​មួយ​នៃ​ការងារ​នោះ គឺ​ការគ្រប់គ្រង​លើ​ភាសា​របស់​ប្រទេសមួយ វប្បធម៌ និង​ទំនៀមទម្លាប់។ ឆ្លងតាម​ការទទួលខុសត្រូវ​របស់​អ្នក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នក​អាច​ធ្វើការ​ជាមួយ​ក្រុម​ដែលមាន​ភាពជឿនលឿន​មួយ ដែលមាន​មនុស្ស​មកពី​ប្រទេស​ម្ចាស់ផ្ទះ សិល្បករ តន្ត្រីករ អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល សមាជិក​រដ្ឋសភា អ្នកកាសែត និង​អ្នកវិទ្យាសាស្ត្រ​ជាច្រើន។

៤) អ្នកការទូត​ទទួលបាន​នូវ​ជំនាញ​ដែល​អាច​ផ្ទេរ​បាន អ្នកការទូត រៀន​និយាយ​ភាសាបរទេស ដឹកនាំ​ការពិភាក្សា​កម្រិត​ខ្ពស់​ជាមួយ​អ្នកដឹកនាំ​អន្តរជាតិ  និង​សរសេរ​របាយការណ៍​ជូនទៅ​រដ្ឋាភិបាល​របស់​អ្នក​ពី​សេរីភាព​សាសនា និង​សិទ្ធិមនុស្ស។ ពួកគេ​សរសេរ​របាយការណ៍​ស​ម្រា​ប់​អគ្គរាជទូត ហើយ​ធ្វើការ​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ សរុប​រួម​មក  អ្នកការទូត ត្រូវ​រៀន​ពី​របៀប​ទំនាក់ទំនង​ចម្រុះ​វប្បធម៌។

៥) អ្នកការទូត​គឺជា​ផ្នែក​មួយ​របស់​ក្រុម ជាធម្មតា នៅក្នុង​ស្ថានទូត មួយ អ្នកការទូត​ធ្វើការ​ចម្រុះ ហើយ​សិក្សា​ពី​របៀប​ដាក់បញ្ចូល​គ្នា​នូវ​ជំនាញ​ជាច្រើន ដើម្បី​ទទួលបាន​ជោគជ័យ​ចំពោះ​អ្វី​ដែលជា​គោលដៅ​របស់​ពួកគេ។ អ្នកការទូត​ត្រូវ​ធ្វើការ​ជាមួយ​សហការី​ដែលជា​យោធា ក្រុម​អ្នកប្រាជ្ញ​ខាង​ផ្តល់​សេវា  អ្នកជំនួញ ពាណិជ្ជករ អ្នកជំនាញ​ខាង​កសិកម្ម អ្នកច្បាប់ និង​អ្នកជំនាញ​ខាង​ព័ត៌មាន​វិជ្ជា។

ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា