ជ្រុងមួយនៃភាពរុងរឿងពីសម័យកាលអាណាចក្រអង្គរ

តាម​អត្ថបទ​ស្រាវជ្រាវ​របស់លោក​សាស្ត្រាចារ្យ កុល សារូ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​បានធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​មួយ ស្តីពី «ជ្រុង​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌​សិល្បៈ​អរូបី​ខ្មែរ» នៅក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី តម្លៃ​វប្បធម៌​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក នៅ​ខេត្តសៀមរាប​កន្លងទៅនេះ បានឱ្យដឹងថា «អាណាចក្រ​អង្គរ​ជាស​រណដ្ឋាន​ដ៏​ពិសិដ្ឋ មាន​អរិយធម៌​ខ្ពង់ខ្ពស់ មាន​ទេពកោសល្យ​ឧបនិស្ស័យ​និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ ព្រមទាំង​មានការ​លូតលាស់​ខាង​បញ្ញា​ដល់​កំពូល​នា​សតវត្សរ៍​ទី១១ និង១២‍»។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា តាមការបង្ហាញរបស់ព្រឹទ្ធាចារ្យ ឆេង ផុន មានភ័ស្តុតាងជាច្រើនដែលអាចបង្ហាញឱ្យឃើញអំពីភាពរុងរឿងដ៏កម្រិតកំពូលនៃអាណាចក្រអង្គរ នាសម័យកាលនោះ មានដូចខាងក្រោម៖

  • ប្រាសាទធ្វើអំពីថ្ម ចំនួន១០៨០ ជាភ័ស្តុតាង
  • មហាវិទ្យាល័យពីរ គឺមហាវិទ្យាល័យជ័យស្រី និងមហាវិទ្យាល័យរាជវិហារ (សតវត្សរ៍ទី១១-១២) ដែលមានសាស្រ្តាចារ្យចំនួន ២៧៤០នាក់ និងមានបណ្ឌិត១៨អង្គ។
  • មានសិលាចារិក ចំនួន៥៥០ផ្ទាំង
  • មានរូបចម្លាក់ទូទាំងប្រទេស ចំនួន២០៤០០
  • មានសិល្បករដាប់ថ្ម ចំនួន៦៤៦៥នាក់
  • មានអ្នករបាំ ចំនួន១៦២២នាក់
  • មានបញ្ញាជនចំនួន ៣៨៥៧៣៧នាក់។

ក្រោយមកនៅក្នុងរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១២ បានបង្ហាញថា ប្រាសាទនៅក្នុងប្រទេសកម្ពុជា មានចំនួន១១៩៨ប្រាសាទ។ របាំក្បាច់បុរាណមានក្បាច់មូលដ្ឋានចំនួន៤៥០០ ជាតម្លៃខាងស្មារតី និងសោភ័ណស្ថិតនៅក្នុងចរន្តវប្បធម៌ទាំងពីរ គឺចរន្តបញ្ញាជន និងចរន្តមហាជន ។ តម្លៃពិតទាំងពីរនេះបូកបញ្ចូលមក ទើបចេញជាអត្តសញ្ញាណពិតរបស់ខ្មែរ៕

ប្រភពឯកសារ៖ កុល សារូ ជ្រុងមួយនៃបេតិកភណ្ឌវប្បធម៌សិល្បៈអរូបីខ្មែរ ឆ្នាំ២០១៨