អ្នកដឹកនាំសម្ដែងនៅថោន ត្រូវគេគំរាមបាញ់សម្លាប់

អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន រិទ្ធ អូមេហ្គា បានLive វីដេអូកាលពីយប់មិញថា បុគ្គលិកបម្រើការងារក្នុងហាងរបស់លោក ត្រូវបានក្មេងពាលមួយក្រុមដេញកាប់ក្រោយចេញពីធ្វើការនៅកោះពេជ្រ វេលាម៉ោង៣ទៀបភ្លឺនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ក្រៅពីដេញកាប់បុគ្គលិកបម្រើការងារនៅក្នុងហាងរបស់ខ្លួន ហើយនោះជនបង្កហេតុខាងលើបានគំរាមបាញ់សម្លាប់ រិទ្ធ អូមេហ្គា ថែមទៀតដោយពួកគេបានបោះពាក្យសម្ដីមកលើកូនចៅថា៖ “ពួកហែងត្រៀមធាតុត្រៀមកោដ្ឋឲ្យហើយទៅ”។

បន្ទាប់ពីជួបហេតុការណ៍ដូច្នេះ រិទ្ធ អូមេហ្គា និងកូនចៅបានទៅដាក់ពាក្យប្ដឹងជនល្មើសរួចរាល់ហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយខាងលោក បានថតរថយន្ត និងសកម្មភាពជនបង្ករហេតុទុកជាភ័ស្ដតាងផងដែរ។ រិទ្ធ អូមេហ្គា បានរៀបរាប់ថា៖ “ក្មេងពាលមួយក្រុមហ្នឹងបានកាប់បុគ្គលិកខ្ញុំបែកមួកសុវត្ថិភាពជាពីរ បើសិនជាគាត់គ្មានមួកសុវត្ថិភាពការពារទេនោះប្រហែលជាស្លាប់ហើយពេលនេះ។ ចាប់ពីថ្ងៃនេះទៅប្រសិនបើខ្ញុំ និងកូនចៅមានគ្រោះថ្នាក់អ្វីកើតឡើងគឺមានតែពួកវាហ្នឹងហើយ”។រឿងហេតុឈានដល់ថ្នាក់គំរាមយកជីវិត រិទ្ធ អូមេហ្គា និងកូនចៅកើតឡើងដោយសារតែការប្រជែងរឿងរកស៊ី។ រីឯអត្តសញ្ញាណមេធំនៅពីក្រោយការគំរាមបាញ់សម្លាប់នេះលោក សុំលាក់សិនគ្រប់យ៉ាងនឹងបង្ហាញក្នុងពេលឆាប់ព្រោះរឿងនេះបានទៅដល់ដៃសមត្ថកិច្ចហើយ៕