មកមើលផ្ទះសម្បែងអ៊ុំស្រីម្នាក់ ត្រូវខាងមន្ទីរពេទ្យ ពេទ្យវ៉ិចតូរៀ ធ្វើការបង្ខាំងបង្ខិតបង្ខំអ្នកជម្ងឺឲ្យវះកាត់

ដូចដែលបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក​ បានដឹងរួចមកហើយ ពីករណី របស់អ៊ុំស្រីម្នាក់ ត្រូវខាងមន្ទីរពេទ្យ ពេទ្យវ៉ិចតូរៀ ធ្វើការបង្ខាំង អ្នកជំម្ងឺព្រមទាំងបង្ខិតបង្ខំអ្នកជម្ងឺឲ្យវះកាត់ បើមិនដូចនេះទេ អ្នកជម្ងឺនឹងត្រូវស្លាប់ ដោយការចំណាយលើសពីសមត្ថភាពដែលខ្លួនមាន។

ពេលនេះយើទៅមើលពីស្ថានភាពផ្ទះរបស់អ្នកជម្ងឺដែលត្រូវខាងមន្ទីរពេទ្យចិត្តខ្មៅចាប់បង្ខាំង វិញម្តង។ បើមើលពីទំហំផ្ទះរបស់ស្រ្តីរងគ្រោះ ដែលខាងមន្ទីរពេទ្យចាប់បង្ខាំងវិញ គឺផ្ទះមានជញ្ចាំង និងដំបូលប្រក់ស័ង្កសី សង់លើបឹង ដែលមានទំហំផ្ទះតូច រស់នៅយ៉ាងកំសត់ តើទៅមានប្រាក់ឯណាសម្រាប់បង់ឲ្យខាងមន្ទីរពេទ្យនោះ ហើយខាងមន្ទីរក៏មិនគួរប្រើពាក្យសម្តីអាក្រក់ សុទ្ធតែបើមិនព្យាបាលនឹងត្រូវស្លាប់។ សម្រាប់អ្នកក្រ ពិតជាពិបាករកណាស់ ពីមួយថ្ងៃមួយថ្ងៃ រកតែប្រាក់ទិញអង្ករច្រកឆ្នាំងមិនទាំងចង់បានផង តើមានប្រាក់ឯណា សម្រាប់ធ្វើការព្យាបាលនោះ ។

គួររំលឹកដែរថា ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដោយខាងមន្ទីរពេទ្យវ៉ិចតូរៀ បានបង្ខិតបង្ខំអ្នកជម្ងឺឲ្យវះកាត់ និងបានបង្ខាំងចាក់សោរក្រុមគ្រួសារ និងអ្នកជម្ងឺមិនឲ្យចេញក្រៅ ដែលទីតាំងកើតហេតុ ស្តិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ។ ក្រោយទទួលដំណឹងនេះ រដ្ឋមន្ត្រីសុខាភិបាល បានចាត់ក្រុមការងារឲ្យចុះពិនិត្យបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេគ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្រេចបិទមន្ទីរពេទ្យនេះជាផ្លូវការនៅថ្ងៃដដែលនោះផងដែរ។

អភិបាលខណ្ឌទួលគោក បានបញ្ជាក់ទៀតថា «នៅពេលនេះយើងបានសួរសន្ដិសុខ តើគាត់ទទួលបញ្ជាពីនរណា រួចហើយយើងនឹងទៅរកអ្នកនោះបន្ដទៀត ប៉ុន្ដែនៅវេលាកើតហេតុ មានគ្រូពេទ្យដែលវះកាត់ផ្ទាល់ និងព្យាបាល៤-៥នាក់ ជាជនជាតិចិន»។ តែយ៉ាងណានោះ ទាំងមន្ដ្រីជំនាញ ទាំងអាជ្ញាធរ កំពុងបន្ដស្រាវជ្រាវ និងសួរនាំសិន ព្រោះមានមនុស្សផ្សេងទៀត ត្រូវធ្វើការសួរនាំទៀត។ យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។

តាមព័ត៌មានមួយចំនួនថា មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជម្ងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។