
គួរឱ្យចាប់អារម្មណ៍និងកត់សម្គាល់ថ្ងៃទី18 ខែមករា ឆ្នាំ2019នេះ កំពូលតារាចម្រៀងយេៗ កញ្ញា ឱក សុគន្ធកញ្ញា ដែលកំពុងតែត្រៀមខ្លួនចូលរោងការ ជាមួយលោក អ៊ឹងសុខលី ប្អូនប្រុសថៅកែហង្សមាស បានបញ្ចេញសារប្លែកមួយ ទាក់ទងនឹងក្មេងប្រុសម្នាក់នេះថា «វត្តមានរបស់គាត់ក្នុងជីវិតរបស់ខ្ញុំ គឺពោរពេញដោយភាពរវល់វីវក់ គ្មានពេលសម្រាក ពេលវេលាសម្រាករបស់ខ្ញុំ គឺជាពេលវេលារបស់គាត់..! រយៈពេល១២ឆ្នាំ ដែលគាត់ចូលមកបំពេញ អត្ថន័យជាច្រើនសម្រាប់ជីវិតគ្រួសារដ៏តូចមួយនេះ បង្កើតភាពរីករាយ ស្នាមញញឹម ភាពកក់ក្តៅ..»។
ការបង្ហាញសារ បង្កប់ដោយអត្ថន័យជ្រាលជ្រៅទាំងប៉ុន្មានឃ្លាខាងលើនេះ ហាក់កំពុងតែធ្វើឲ្យមហាជនសង្ស័យថា ក្មេងប្រុសម្នាក់នេះ គឺជាកូនប្រុសរបស់នាង ជាមួយអ្នកសម្រួលតន្ត្រីដែលគេស្គាល់ថា ជាអតីតសង្សារ ព្រោះថា ទាំងទម្រង់មុខមានភាពស្រដៀងគ្នា ហើយវត្តមានរបស់ក្មេងប្រុសរូបនេះ ត្រូវបាននាងចាត់ទុកថា គឺជាវត្តមានក្នុងជីវិត និងធ្វើឲ្យជីវិតស្គាល់គ្រប់រសជាតិ ដែលបង្កប់នូវអត្ថន័យអាថ៌កំបាំងម្យ៉ាង។
ជុំវិញការបញ្ចេញសារប្លែកៗ ពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា ទាក់ទងនឹងមន្ទិលសង្ស័យថា ជាកូនប្រុសរបស់នាងនៅពេលនេះសារព័ត៌មានយើងខ្ញុំនៅមិនទាន់អាចទំនាក់ទំនងសួរនាំបន្ថែម ពីសំណាក់ ឱក សុគន្ធកញ្ញា បាននៅឡើយទេ ខណៈដែលលេខទូរស័ព្ទរបស់នាងដែលធ្លាប់ប្រើ ត្រូវបានបិទ។ ម្យ៉ាងវិញទៀត ការទាក់ទងជួបសម្ភាសន៍ ជាមួយនឹងតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ក៏ត្រូវឆ្លងកាត់ នូវភាពស្មុគស្មាញមួយចំនួន ដែលអ្នកសារព័ត៌មានជាច្រើន ធ្លាប់ជួបប្រទះរួចមកហើយ៕