ផ្ទុះការរិះគន់ព្រាត ក្រោយផលិតកម្មមួយបញ្ចេញរឿង BL ស្លៀកពាក់ដូចថៃមិនច្រលំ

ខណៈផលិតកម្មកុនខ្មែរមួយបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៃវណ្ណកម្មរឿងថ្មីមានចំណងជើងថា «មេឃខៀវ» ជាប្រភេទរឿងប្រុសស្រឡាញ់ប្រុស ឬហៅកាត់ថា BL ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គម ហើយក៏ជាអ្នកស្រឡាញ់ស្រាវជ្រាវថែរក្សាមររកភាពយន្ដខ្មែរ ចេញសំណេររិះគន់ពីការស្លៀកពាក់របស់តួអង្គសម្ដែង មិនបង្ហាញពីតថភាពជាសង្គមខ្មែរ ផ្ទុយទៅវិញដូចជាសិស្សសាលាថៃ។

យោងតាមហ្វេសប៊ុករបស់លោក Virak Varany បានសរសេរខ្លឹមសាររៀបរាប់ថា :
«សូមចូលរួមមតិតិចតួចជូនផលិតករមួយចំនួន

ក្នុងនាមខ្ញុំជាទស្សនិកជនមួយរូប ខ្ញុំបានតាមដាននិងសង្កេតរាល់ស្នាដៃកុនខ្មែរដែលកំពុងផលិតក្នុងបច្ចុប្បន្នភាពសព្វថ្ងៃ ឃេីញថាមានការរីកចម្រេីនជាលំដាប់ចំពោះការថត តែថ្ងៃនេះខ្ញុំប្រទះឃេីញដោយចៃដន្យនូវវណ្ណកម្មថ្មីមួយរបស់ក្រុមហ៊ុនថតភាពយន្តក្នុងស្រុកមួយ។

ខ្ញុំនិយាយតាមត្រង់ ខ្ញុំមេីលមួយភ្លែតស្មានតែជាកុនបរទេស ដោយឃេីញសម្លៀកបំពាក់របស់តួអង្គ ដល់មេីលយូរទៅទេីបដឹងថាជាកុនខ្មែរសោះ។ ចំណុចដែលឃេីញខុសប្រក្រតីនោះគឺ សម្លៀកបំពាក់ ម៉ូតសក់តែម្តង។

ស្រុកខ្មែរយេីងតាំងពីដេីមរៀងមក យុវជនក្នុងកម្រិតអនុវិទ្យាល័យ រឺ វិទ្យាល័យ មិនត្រូវបានអនុញ្ញាតអោយស្លៀកខោបែបនេះទៅរៀនទេ មានតែប្រទេសថៃទេីបស្លៀកបែបនេះ។

តែបេីក្មេងៗរៀននៅមតេយ្យសិក្សា រឺបឋមសិក្សា ពិតជាអាចស្លៀកខោខ្លីបែបនេះមែន តែចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ សង្គមខ្មែរយេីងពុំអនុញ្ញតអោយសិស្សប្រុសស្លៀក ខោខ្លីៗមករៀននោះទេ ហើយមកដល់កម្រិតសិក្សានៅសកលវិទ្យាល័យក៏ដូច្នេះដែរ។

រឿងពិតមួយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្លាប់ស្លៀកខោខ្លីបែបនេះទៅរៀនម្តង ត្រូវគ្រូប្រដៅថាហាមស្លៀកខោខ្លីបែបនេះមករៀន។

តែសម្លៀកបំពាក់នេះគាត់គ្រាន់តែស្លៀកដេីរលេង នោះជាការណ៍មួយផ្សេងតាមការនិយមរបស់គេ តែក៏មេីលមួយភ្លែតឃេីញថាជាលក្ខណះស្ទាយ៍របស់ប្រទេសជិតខាងយេីងដែរ។

ខ្ញុំបានសិក្សាស្វែងយល់ដោយមានមិត្តមួយចំនួនជាជនជាតិថៃបានដឹងថា នៅប្រទេសថៃគឺសាលាគេតម្រូវអោយស្លៀកខោខ្លីតាំងពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដែលនេះគេហៅថា ឯកសណ្ឋានរបស់ជាតិសាសន៍គេ មិនខុសពីជាតិទេ យេីងក៏មានឯកសណ្ឋានគំរូសម្រាប់សាលារដ្ឋដូចគ្នា នៅតាមកម្រិតសិក្សាដោយសិស្សក្មេងៗថ្នាក់មតេយ្យសិក្សា និងបឋមអាចស្លៀកខោខ្លីបានមែន តែដល់ថ្នាក់អនុវិទ្យាល័យពុំអាចស្លៀកខោខ្លីបានឡេីយ។

សម្រាប់សិស្សសាលារដ្ឋ ក្នុងកម្រិតថ្នាក់អនុវិទ្យាល័យ រឺវិទ្យាល័យ និងសកលវិទ្យាល័យការស្លៀកខោខ្ចីមករៀនបែបនេះគឺពុំមានទាល់តែសោះ តេីការថតនេះជាលក្ខណះសិស្សសាលារដ្ឋ រឺសាលាឯកជន?
តើនេះជាសិស្សវិទ្យាល័យ រឺនិស្សិតសកលវិទ្យាល័យ?
បេីសិនជាសាលាឯកជនវិញ ស្រុកយេីងក៏ពុំសូវមានសិស្សសាលាស្លៀកខោខ្លីបែបនេះដែរ ចំណែកសាលាឯកជនវិញតើអាចមានស្លៀកបែបនេះដែររឺទេ? ករណីនេះ ខ្ញុំពុំសូវបានដឹងច្រើនពីលក្ខណះប្រើប្រាស់របស់សាលាឯកជននោះឡើយ។ បើមានលក្ខណះបែបនេះជួយប្រាប់ផង!

ខ្ញុំសូមចូលរួមយោបល់ប៉ុណ្ណឹង កុំថាខ្ញុំជ្រុលនិយមរឺថាខ្ញុំចេះតែ រិះគន់ ទិទៀន តែនេះជាតថភាពសង្គមពិតៗ។ កុនគឺឆ្លុះបញ្ចាំងពីសង្គម មិនអាចប្រាសចាកពីសង្គមពិតបាននោះទេ ហើយកុនបង្ហាញពីអ្វីគ្រប់សព្វដែលសង្គមមួយមាន បេីធ្វេីខុសពីសង្គមពិតជាក់ស្តែងនោះ ប្រាកដជាក្លាយទៅជារឿងផ្សេងទៀត បាន។

សូមមេត្តាកុំគិតថា សម្លៀកបំពាក់ កាយវិការ ពាក្យសម្តីមិនសំខាន់សម្រាប់ការកសាងកុនមួយអោយសោះ កត្តាទាំងនោះគឺជាការណ៍សំខាន់ដែលនាំអោយអ្នកទស្សនាយល់ និងឆ្លុះបញ្ចាំងពីភាពយន្តទាំងនោះ។

ខ្ញុំទិទៀននេះក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ពុំមានចេតនាអ្វីផ្សេងឡេីយ។ មតិផ្ទាល់នៃខ្ញុំ វីរៈ វ៉ារ៉ានី»។

យ៉ាងមិញ ការលើកឡើងមតិរិះគន់ខាងលើនេះ ក៏នៅមិនទាន់ឃើញមានការលើកឡើងរបស់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈនៅឡើយទេ៕