ចូលរួមរំលែកទុក្ខ! ទេវនាដនិម្មិត ឯម ធាយ ទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ

ភ្នំពេញ:នេះជាដំណឹងដ៏ក្តុកក្តួលនិងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារនិងមហាជនអ្នកគាំទ្របន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលមត៌មនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ។

យោងតាមផេករបស់ក្រុមព្រះសុរិយានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់ថាទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយក្នុងជន្មាយុ៨៨ឆ្នាំដោយជរាពាធ។

ប្រភពលើកឡើងថាព្រឹទ្ធាចារ្យ ឯម ធាយ ទទួលមរណភាពនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១នេះ។ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនីនៃរបាំព្រះរាជទ្រព្យគឺ ជាការបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។សូមវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យវរៈសិល្បការិនី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណនិងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំជាតួនាង(តួស្រី)តួនាយរោង(តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿងជាដើម៕