មហាជនកោតសរសើរ «ផ្សារក្រមួនព្រះដាក់» ក្នុងស្រុកបន្ទាយស្រី ថារៀបចំសណ្តាប់ធ្នាប់បានល្អ

ក្រោយការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ជុំវិញ​ទិដ្ឋភាព «ផ្សារក្រមួនព្រះដាក់» ក្នុងស្រុកបន្ទាយស្រីរួចមក  ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក បានបង្ហាញការគាំទ្រ និងកោតសរសើរ ចំពោះការរៀបចំ បានល្អស្រស់ស្រាយ មានសណ្តាប់ធ្នាប់ល្អ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់តាមរយៈសារដែលបានបង្ហោះ​ក្នុងបណ្តាញ​សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២១នេះថា ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២កំពុងតែប្រព្រឹត្តទៅយ៉ាងរលូននៅតាមមូលដ្ឋាននានាក្នុងស្រុកបន្ទាយស្រី «ផ្សារក្រមួនព្រះដាក់»កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើឱ្យពុកម៉ែបងប្អូននៅក្នុងសហគមន៍តាមបែបគន្លងថ្មីប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនបង្កឱ្យមានការចំណាយថវិការៀបចំអ្វីទាំងអស់។

លោកបន្តថា សំរាម អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សុទ្ធតែត្រូវបានធានានៅក្នុងផ្សារប្រភេទថ្មីនេះដោយសហគមន៍ខ្លួនឯង បើទោះជាមិនអាចធ្វើទៅតាមទម្លាប់ចាស់ដែលខ្លួនមាន តែអ្នកលក់ដូរនៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន ប្រជាពលរដ្ឋទូទៅក៏នៅតែអាចទៅរកទិញរបស់របរត្រូវការចាំបាច់របស់ខ្លួនបានដដែល ហើយសហគមន៍ក៏ត្រូវបានការពារសុវត្ថិភាពពីមេរោគកូវីដ១៩ទៀត។

បន្ថែមពីនេះ អភិបាលស្រុករូបនេះ ក៏បានបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដកំពុងតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយត្ន័ប្រយែងខ្ពស់ទៅលើបញ្ហាសុវត្ថិភាព នឹងក្លាយទៅជារឿងដែលយើងត្រូវធ្វើជាប្រចាំនិងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេលដែលគេនាំគ្នាផ្អើលមួយភ្លែតៗនោះទេ។ សូមបន្តអនុវត្តវិធានការសុវត្ថិភាព ៣ការពារ-៣កុំ និងចាក់វ៉ាក់សាំងឱ្យបាន២ដូសគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា៕