សាលាក្រុងភ្នំពេញ ចេញវិធានការខ្លាំង ៧ ចំណុច ក្នុងថ្ងៃចូលឆ្នាំចិន អ្នកល្មើសនឹងទទួលទោសតាមច្បាប់ជាធរមាន

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៩ ខែមករា​នេះ បានចេញ​សេចក្ដីប្រកាស​ស្ដីពី​វិធានការ ៧យ៉ាង​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀប​រយ​សាធារណៈ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី០៤ ដល់​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម​ក្រុមហ៊ុន​ឯកជន អង្គការ ក្រៅ​រដ្ឋាភិបាល និង​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដូចតទៅ៖

ទី១-ហាម​ដាច់ខាត​មិនឱ្យ​មានការ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទះ​គ្រប់​ប្រភេទ​ក្នុងឱកាស​ពិធីបុណ្យ​នេះ ឬ​មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង រាល់​ការហែក្បួនផ្សេងៗទាំង​បែប​សាសនា ឬ​ប្រពៃ​ណ៌​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់។

ទី២-នៅ​គ្រប់​ទីកន្លែង​កម្សាន្ត​សប្បាយ​នានា មន្ទីរ​អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវ​រក្សា សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ។ ដោយឡែក​ការដុត​ក្រដាសសែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត​ហាម​ដាច់ខាត​មិនឱ្យ​ផុត​លើ​ចិញ្ចើមផ្លូវ​ឬ​ទ្រូងផ្លូវ​សាធារណៈ។

ទី៣-ចាប់ពីពេលនេះ​តទៅ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត កុំឱ្យ​មានការ​នាំចូល​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចូល​រាជធានី​ភ្នំពេញ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនេះ ដែលមាន​តាំង​លក់​នៅ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ។

ទី៤-គ្រប់​អង្គភាព សាលាខណ្ឌ និង​សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​មន្ត្រីរាជការ និយោជិត កងកម្លាំង​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្តតាម​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព ។

ទី៥-មន្ទីរ​ធម្មការ និង​សា​សនាព​ជ​ធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​បណ្តា​សមាគម​ចិន និង​វៀតណាម ដើម្បី​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ ខាងលើ​ឱ្យបាន​ទូលំទូលាយ៦-ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បញ្ជាការដ្ឋាន យោធភូមិភាគ​ពិសេស​ត្រូវ​ចេញ​បទបញ្ជា​ឱ្យបាន​ម៉ឺងម៉ាត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឱ្យ មាន​ប្រសិទ្ធភាព។

និង៧-ជន​ណា​បំពាន​លើ​សេចក្តីណែនាំ​នេះ ​ឬ​ប្រព្រឹត្តល្មើស​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម បាត់​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន៕