តោះ! ទៅមើលទិដ្ឋភាពស្រស់ស្រាយតាមផ្លូវវង់តូចក្នុងរមណីយដ្ឋានអង្គរនារដូវវស្សា

ទេសភាពបៃតងដ៏ស្រស់ស្អាតតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ បានធ្វើឲ្យអ្នកធ្វើដំណើរកាន់តែចាប់អារម្មណ៍និងស្រស់ស្រាយ។ ទិដ្ឋភាពបែបនេះបានធ្វើឱ្យអ្នកធ្វើដំណើរលង់ស្មារតីនឹងទេសភាពបៃតងនិងទេសភាពវប្បធម៌ដ៏អស្ចារ្យដែលនៅជុំវិញ។

គួរជម្រាប់ថា អាជ្ញាធរជាតិអប្សរា  ក៏កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖

-កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ

-កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ម៉ែត្រ

-កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ម៉ែត្រ

ដោយឡែកការងាររួមមាន ការពង្រីកស្មាផ្លូវសងខាង និងអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ដារ និងកែលម្អកំណាត់ផ្លូវទាំង ៣កំណាត់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ខណៈផ្លូវសំខាន់ៗទាំងនេះ នឹងល្អប្រសើរទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់កូវីដ-១៩ ៕