
ករណី ហេង យិន ហៅ ចំប៉ីខ្មៅ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះបទល្មើស «ញុះញង់ឲ្យមានការរើសអើង» អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ ។
លោក នុត សវនា អគ្គនាយករងពន្ធនាគារ បានបញ្ចេញមតិនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ សូម្បីតែឈ្លើយសឹកសង្គ្រាមក៏សិទ្ធិរបស់គេត្រូវបានការពារដោយអនុសញ្ញាក្រុងហ្សឺណែវ និងពិធីសារបន្ថែមឆ្នាំ១៩៧៧ ល្អជាងជនត្រូវចោទម្នាក់នេះដែរ។ ទង្វើរបស់មន្ត្រីមានសមត្ថកិច្ច ដូចខាងក្រោមនេះគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរទៅលើជនសង្ស័យ និងជនត្រូវចោទ ដែលចាត់ទុកថាមិនទាន់មានទោសនៅឡើយ។
កង្វះវិជ្ជាជីវៈរបស់មន្ត្រីសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួនជាសញ្ញានមួយគួរឲ្យព្រួយបារម្ភ បន្ថែមលើកង្វះសីលធម៌ និងការញុះញង់ឲ្យប្រើអំពើហឹង្សាក្នុងសង្គមកម្ពុជា ដែលកំពុងខ្វះខាតស្រាប់នាពេលបច្ចុប្បន្ន ធ្វើឲ្យសង្គមមួយនេះកាន់តែដើរថយក្រោយ ចាកឆ្ងាយពីភាពស៊ីវិល័យសក្តិសមនឹងដំណើរការវិវឌ្ឍជាសកល។
ខ្ញុំមានការខកចិត្តខ្លាំង ដែលជនរួមជាតិខ្ញុំបច្ចុប្បន្នពូកែបានតែជាមួយមនុស្សទន់ខ្សោយ ព្រួតគ្នាចំអកឡកឡឺយដោយគ្មានចិត្តមេត្តា អត់អោន ឬរួមគ្នាអប់រំដោយមនុស្សធម៌។
សូមបុណ្យបារមីវត្ថុសក្តិសិទ្ធ ដួងព្រះវិញ្ញណក្ខន្ទព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ មេត្តាជួយស្រោចស្រង់ព្រលឹងខ្មែរដ៏ល្អផូរផង់របស់យើងឲ្យត្រលប់មកសណ្ឋិតក្នុងស្មារតីកូនខ្មែរគ្រប់រូប ឲ្យសាងតែអំពើល្អ និងចេះស្រលាញ់ យកអាសារគ្នា ការពារគ្នា គោរពគ្នាខ្លះផង៕