ទឹកភ្នែកម្ដាយ ចំប៉ីខ្មៅ ធ្វើឱ្យមហាជននឹកស្រណោះណាស់

ជឿថា ករណីយិន ហេង ត្រូវបានមហាជនជាច្រើនបានដឹងថា នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីបុគ្គលរូបនេះ បានបង្ហាញការខឹងសម្បារនិងជេរប្រមាថដល់ជាតិសាសន៍ខ្មែរថាជាពូជបាត់ដី បន្ទាប់ពីត្រូវជនមិនស្គាល់មុខបានខោកក្បាលនៅតាមសាធារណៈ។

ក្នុងនោះចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ នៅពន្ធនាគារព្រៃស ដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា លើករណីបង្ហោះវីដេអូលើបណ្តាញសង្គមដោយប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។ ព្រះរាជអាជ្ញាបានចោទប្រកាន់លើឈ្មោះ យិន ហេង ពីបទ “ញុះញង់ឲ្យមានការរើសអើង” តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

នៅមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ven Veasna បានបង្ហោះរូបភាព ម្តាយរបស់ចំប៉ីខ្មៅ ដែលបានបង្ហាញទឹកមុខស្រពាប់ស្រពោនបន្ទាប់ពីកូនប្រុសកំពុងតែជាប់ពន្ធនាគារព្រៃសបណ្តោះអាសន្ន។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ម្ដាយចំប៉ីខ្មៅបានជួបខ្ញុំបាទហើយ​ កូនអើយឃើញទឹកភ្នែកម្ដាយទេ​ គ្រាន់តែនិយាយដល់ឈ្មោះ​កូនយំបាត់ទៅហើយ និងមានការLiveនៅពេលបន្ទាប់”៕