សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិចថា «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏បានថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

សម្តេច ក៏សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា។

ទន្ទឹមនេះ ទូលព្រះបង្គំ និងភរិយាសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ»៕