
ខេត្តព្រះសីហនុ: លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញបានលើកឡើងថា ស្ថានីយបូមទឹកកខ្វក់ចំនួន ៤កន្លែងផ្សេងគ្នា នឹងបូមទឹកស្អុយបញ្ចូលទៅស្ថានីយច្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាលទំហំជាង ១៦ហិកតា ដើម្បីច្រោះទឹកកខ្វក់មុនបង្ហូរចូលទៅសមុទ្រ ចៀសវាងការប៉ះពាល់ឆ្នេរខ្សាច់ និងទឹកសមុទ្រ។
ការលើកឡើងនេះ ខណៈដែលលោកបានចុះពិនិត្យដំណើរការធ្វើអាងច្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុនៅថ្ងទី ១៣ កុម្ភៈនេះ ខណៈដែលក្រុមការងារបច្ចេកទេសកំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដើម្បីទប់ស្កាត់សំណល់រឹងរាវដែលកំពុងប្រឈមដល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ដោយមានកិច្ចសហការ និងគាំទ្រពីគណ:កម្មាធិការថ្នាក់ជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុធ្វើស្ថានីយបូមទឹកកខ្វក់ចំនួន ៤កន្លែងផ្សេងគ្នា ហើយស្ថានីយបូមទាំង៤នេះ នឹងបូមទឹកកខ្វក់បញ្ចូលទៅស្ថានីយច្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ដែលកំពុងតែត្រូវបានកែលម្អ ដើម្បីច្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅសមុទ្រ ចៀសវាងការប៉ះពាល់ឆ្នេរខ្សាច់ និងទឹកសមុទ្រ។
លោកបន្តថា វាជាចំណែកកាត់បន្ថយ ទប់ស្កាត់ការបំពុលទឹកសមុទ្រ និងឆ្នេរខ្សាច់ក្នុងខេត្តព្រះសីហនុ។ លោកសង្ឃឹមថា បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបាននូវពេលខាង មុខឆាប់ៗនេះជាការគ្រោងទុកជាក់ជាមិនខាន។
លោកបន្ថែមថា ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងលឿនក្នុងឆ្នាំ២០១៨កន្លងមកមានអគារពាណិជ្ជកម្ម សណ្ឋាគារតូច ធំ ខុនដូ ផ្ទះសំណាក់ កំពុងកើតឡើងជាបន្តបន្ទាប់ បញ្ហាសំណល់រឹងរាវក៏មានការកើនឡើងផងដែរ ទាមទារឱ្យរាជរដ្ឋាភិបាលគិតគូរដោះស្រាយជាចាំបាច់នូវប្រព័ន្ធអាងច្រោះទឹកកខ្វក់ ដើម្បីបញ្ចៀសនឹងកាត់ បន្ថយការបំពុលបរិស្ថានទឹកសមុទ្រ និងឆ្នេរខ្សាច់៕