អ្នកជំនាញជប៉ុនមកណែនាំមន្រ្តីកម្ពុជាអំពីការទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ តំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេស​ជប៉ុន​ប្រ​ចាំនៅកម្ពុជា (JICA) នៅថ្ងៃទី ១៤ កុម្ភៈនេះ បានមកផ្ដល់បទពិសោធន៍ និងប្រឹក្សាយោបល់ស្ដីពីការទប់ស្កាត់ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ខណៈករណី​គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងជារៀង​រាល់​​ថ្ងៃគួរឲ្យព្រួយបារម្ភ។
ការលើកឡើងនេះ ​ក្នុងសិក្ខាសាលាមួយស្តី​ពី​«សុ​វត្ថិ​ភាព​ចរាចរណ៍ផ្លូវគោក» ដោយបានអញ្ជើ​ញ​អ្នកជប៉ុន​មក​ផ្តល់​ប្រឹ​ក្សា និង​បទពិសោធន៍ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា​។

លោក SOGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេស​ជប៉ុន​ប្រ​ចាំនៅកម្ពុជា (JICA) បានថ្លែង​ថា រដ្ឋាភិបាលធ្លាប់បានគាំទ្រ​ចំពោះសុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា តាមរយៈការជួយលើកម្មវិធីផ្សេងៗការជួយកែសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងបង្ការ ទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា។
លោកបន្តថា ​ខណៈនេះ JICA បានអញ្ជើញ​អ្នក​ជំនាញ​ផ្នែកអប់រំ វិស្វកម្ម និងអ្នកជំនាញផ្នែកបង្ការទប់ស្កាត់សុវត្ថិភាពចរាចរណ៍ ដើម្បីចែក​រំលែកនូវចំណេះដឹងក៏ដូចជាជំនាញក្នុងការផ្ដល់ជូនដល់មន្រ្ដីកម្ពុជាដែលធ្វើការ​ងារផ្នែកសុវត្ថិ​ភាពចរាចរណ៍នេះឱ្យកាន់តែប្រសើរឡើងថែមទៀត។


លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើង​ថា រាជរដ្ឋាភិបាល​ជប៉ុ​នបានជួយជាប្រចាំដល់កម្ពុជាលើគ្រប់វិស័យដោយឡែកជួយដល់ការអភិ​វឌ្ឍ​ផ្លូវ ស្ពាន កំពង់​ផែ និង​ធនធានមនុស្សរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
លោកស្រីបន្តថា ​នេះ​ជាការ​ចូល​រួម​​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយទុក្ខ​លំបាក និងភាពក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​​យ៉ាងពិតប្រាកដ និងបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជប៉ុនដែល​​បាន​ចំណាយពេលវេលាធ្វើដំណើរវែងឆ្ងាយ ដើម្បីនាំមកនូវបទពិសោធននិងបច្ចេក​ទេ​ស វិធានការដែលពិតជានឹងអាចជួយឱ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធលើការ​ងារសុវត្ថិ​ភាព​ចរា​ច​រណ៍​កម្ពុជា អាចទទួលបានបន្ថែមនូវធាតុល្អសម្រាប់ការបន្ថយគ្រោះថ្នាក់ចរាចរណ៍បាន​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់។
លោកស្រីបន្ថែមថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដោ​យ​សារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃបណ្តាលឱ្យស្លាប់របួសពិការ និងខូត​ខាត​ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ខណៈដែលផ្លូវស្ពានគ្រប់ទីកន្លែងត្រូវបានសាងសង់ខ្វាត់ខ្វែងសម្រួ​ល​ដល់ចរាចរណ៍ដឹកជញ្ជូនបម្រើនឱ្យគ្រប់វិស័យនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងរបស់​ប្រ​ទេ​ស​ទាំងមូល។
លោកស្រីក៏បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង​ពីការមិនគោរពច្បាប់​ចរាចរណ៍​របស់​អ្នកប្រើប្រាស់ផ្លូវដែលរាជរាជរដ្ឋាភិបាលចាំបាច់ស្វះស្វែងប្រមូលផ្តុំគ្រប់អ្នក​ពាក់ព័ន្ធឱ្យ​ចូល​​រួមចំណែកធ្វើយ៉ាងណាទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត ឬ​លុបបំបាត់តែម្តងតាមដែលអាចធ្វើបាន៕