
សៀមរាប: ក្រៅពីសាងសង់ប្រាសាទអង្គរជាបេតិកភណ្ឌវប្បធម៌និងឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងសម្បូរបែបនេះ ដូនតាអ្នកស្រុកអង្គរក៏បានបន្សល់ទុកនូវមុខរបរជាច្រើន ជាពិសេសមុខរបរធ្វើធូបពីធម្មជាតិ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានយល់ និងធ្វើជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួន។
ការប្រកបរបរផលិតធូប វាជាផ្នែកមួយដែលអ្នកស្រុកអង្គរបានប្រកបតាំងពីយូរយារណាស់មកហើយ និងនៅបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយចំណេះជំនាញនេះក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយ។
ធូបគឺជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ស្លឹកឈើ ខ្លឹមឈើ ឬជ័រឈើ ប្រទាលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា។ មុខរបរនេះនៅមានបន្តធ្វើរហូតដល់សព្វថ្ងៃក្នុងចំនួនតិចតួចគ្រួសារប៉ុណ្ណោះ មានរបៀបផលិតនិងវត្ថុធាតុដើមធ្វើធូប មិនខុសគ្នាប៉ុន្មានទេ ត្បិតរបៀបធ្វើធូបចេះតៗគ្នាពីភូមិមួយទៅភូមិមួយ ហើយបន្សល់សម្រាប់ផលិតប្រើក្នុងគ្រួសារផងនិងជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផង។ ពួកគាត់អាចរកទិញនិងលក់ដូរបានយ៉ាងងាយស្រួលនៅតាមទីផ្សារ វត្តអារាម និងបុណ្យទាននៅតាមភូមិជាដើម។
អ្នកស្រី ហុំ មឿន រស់នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានអាស្រ័យជីវិតនឹងការធ្វើធូបលក់បន្តវេនពីម្តាយរបស់គាត់រហូតដល់សព្វថ្ងៃបានថ្លែងថា៖«ធូបដែលខ្ញុំធ្វើលក់ ថ្វីត្បិតមិនមានរូបរាងតូចឆ្មារស្អាតល្អដូចធូបដែលនាំចូលពីក្រៅប្រទេស ប៉ុន្តែអ្នកភូមិជិតឆ្ងាយតែងមកទិញយកទុកអុជ ជាប្រចាំ ព្រោះគេដឹងថាធូបខ្ញុំធ្វើជាប្រភេទធូបធម្មជាតិ គ្មានលាយឡំជាតិគីមី ប្រើតែរុក្ខជាតិ ប្រទាល ឬថ្នាំរុក្ខជាតិដែលធ្វើឱ្យមានក្លិនក្រអូប អុជឆេះល្អ»។
អ្នកស្រីរៀបរាប់ពីវត្ថុធាតុដើមដែលយកមកផលិតធូបឱ្យប្រអូបមានខ្លះដាំទុកនៅនឹងផ្ទះស្រាប់ រីឯខ្លះទៀតទាល់តែទៅរកនៅឯភ្នំ ឬព្រៃ ដែលសុទ្ធសឹងជារុក្ខជាតិថ្នាំបុរាណ ប្រទាលក្រអូប ពូកែស័ក្តិសិទ្ធិ ដូចជាដើមប្រាក់ ដើមពោល្យំ ពុំសែន មើមប្រោះតាសេ វ័ល្លិ៍ឆ្នូត សំបោបាយ និងស្លឹកកំប៉ោជាដើម។ ហេតុនេះពេលអុជធូប ក្លិនក្រអូបជួយឱ្យស្មារតីធូរស្រាល កាត់បន្ថយនឿយហត់ មិនប៉ះពាល់ដល់សុខភាព។
ចំពោះវិធីធ្វើវិញ គឺយកវត្ថុធាតុទាំងអស់នេះដាក់ហាលថ្ងៃឱ្យស្ងួត បន្ទាប់មកយកទៅបុកឱ្យម៉ដ្ឋ ហើយរែងយកតែម្សៅ រួចយកទៅលាយជាមួយទឹកដើម្បីឱ្យម្សៅសើមស្អិតអាចលញ់ជាមួយទ្រនុងធាងដូង ហើយរូតជាមួយម្សៅស្ងួត រួចដាក់ហាលថ្ងៃឱ្យស្ងួតជាការស្រេច។ នេះជារូបមន្តដែលឪពុកម្តាយបន្សល់ទុកមកសម្រាប់គ្រួសារអ្នកស្រី ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យថ្នាំបុរាណនីមួយៗសមស្របគ្នា ទើបធូបមានគុណភាពខ្ពស់ ក្លិនក្រអូប»។
នេះគឺជាការផ្ទេរចំណេះដឹងនិងជំនាញក្នុងការប្រកបរបរចិញ្ចឹមជីវិតដល់កូនចៅជំនាន់ក្រោយដែលមនុស្សក្នុងតំបន់អង្គរតែងតែចែករំលែកដើម្បីកុំឱ្យបាត់បង់ ទើបនៅតំបន់អង្គរនៅមានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក៕