ម្ចាស់អាជីវកម្មធំៗនៅព្រះសីហនុចូលវិភាគទានជាង៣លានដុលា្លរជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់

ខេត្ត​ព្រះសីហនុ: ម្ចាស់​សណ្ឋាគារ និង​សំណង់​ខ្នាត​ធំ​នៅក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានរួម​ចំណែក​ជា​ថវិកា​សរុប​ចំនួន ៣លាន ១សែន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន៤កន្លែង​នៅតាម​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងការ​បញ្ចៀស​ការបង្ហូ​រ​ទឹក​កខ្វក់​ទៅក្នុង​សមុទ្រ។

អាង​ចម្រោះ​ទឹក​កខ្វក់​នេះ បានចាប់ផ្ដើម​ពីថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ ការសម្រេច​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ ម្ចាស់​សណ្ឋាគារ និង​សំណង់​ខ្នាត​ធំ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានរួម​ចំណែក​ជា​ថវិកា​សរុប​ចំនួន ៣លាន ១សែន​ដុល្លារ​សហរដ្ឋអាមេរិក។

តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២០ ខែកុម្ភៈ នេះ​ថា ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ទី១ និង​ទី២ នឹង​បញ្ចប់​ការ​សាង់​នៅ​ដំណាច់​ខែកុម្ភៈ​នេះ ចំណែកឯ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ទី៣ និង​ទី៤ នឹង​បញ្ចប់​នា​ពាក់កណ្តាល ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

របាយការណ៍​បន្តថា អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន៤កន្លែង នៅ​ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា អូរ​ស្អាត និង​ឆ្នេរ​អូរ​ឈើទាល ព្រមទាំង​ការងារ​រៀបចំ​ប្រព័ន្ធ​លូ​បេតុង និង​ទុយោ​ជ័រ​ស្វិត HDPE ស្ថិតនៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រហូតមកដល់​ពេលនេះ​សាងសង់​សម្រេចបាន៨០%ហើយ ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ។

ការសម្រេច​សាងសង់​បាន​ធ្វើឡើង​ក្នុងជំនួប​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ ក្នុង​ខេត្ត​ព្រះសីហនុ​រវាង​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជាមួយ​តំណាង​ក្រុមហ៊ុន និង​ម្ចាស់​សណ្ឋាគារធំៗក្នុង​ខេត្ត​ព្រះសីហនុ។

ជាការ​កត់សម្គាល់ ការសម្រេច​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​តំបន់ឆ្នេរ​នា​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បានធ្វើ​ឡើង​ក្រោយ​ផ្ទុះ​ការ​ប្រតិកម្ម ជា​បន្ដ​បន្ទាប់ពី​មហាជន​ជុំវិញ​ការបង្ហូរ​ទឹក​កខ្វក់​ចេញពី​សណ្ឋាគារ អាហា​រដ្ឋា​ន តាម​កន្លែង​កម្សាន្ដផ្សេងៗ និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាដើម​ចូលទៅក្នុង​សមុទ្រ៕