
ក្នុងពិធីជប់លៀង និងបើកសម្ពោធគម្រោងលក់ចម្ការមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាសម្ដែងជើងចាស់អ្នកស្រី ពៅ ថាវី ដែលអ្នកសិល្បៈនិយមហៅឈ្មោះថាយាយពៅៗ បានឈ្នះរង្វាន់ធំប្រចាំកម្មវិធីមិនគួរអោយជឿ ដោយអ្នកស្រីឈ្នះបានចម្ការប័រមួយហិកតារស្ថិតនៅក្នុងខេត្តមណ្ឌលគីរី។ ចម្ការនោះត្រូវបានប្រកាសថាមានដំណាំប័រពេញចម្ការ ដោយខាងក្រុមហ៊ុនក៏បានប្រកាសថានឹងផ្ដល់ជូនការថែទាំពីសំណាក់ក្រុមបច្ចេកទេសពេញរយៈពេល៤ឆ្នាំ ដែលមានន័យថាអ្នកស្រីមិនចំណាយសូម្បីមួយសេនរៀល ប៉ុន្តែបានដីស្របច្បាប់មួយហិកតារ ហើយបានទាំំងផលដំណាំដោយមិនខ្វល់រឿងធ្វើចម្ការដោយខ្លួនឯង។
អ្នកស្រី ពៅ ថាវី បានថ្លែងក្នុងពេលទទួលរង្វាន់ថា អ្នកស្រីមិននឹកស្មានថាខ្លួនមានសំណាងបានឈ្នះរង្វាន់ធំ ដោយឈ្នះចម្ការប័រមួយហិកតារដែលមានតម្លៃច្រើនម៉ឺនដុល្លារនោះទេ ខណៈដែលអ្នកស្រីមកចូលរួមនៅក្នុងពិធីនោះ គឺគ្រាន់តែមកក្នុងនាមជាភ្ញៀវកិត្តិយស និងមិនបានទិញដូរចម្ការរបស់ក្រុមហ៊ុនទាល់តែសោះ។ អ្នកស្រីថា រំភើបចង់ហោះ ដោយសារតែអ្នកស្រីវ័យកាន់តែចាស់ហើយ សម្ដែងក៏ចាប់ផ្ដើមធ្លាក់ចុះទីផ្សារ ប៉ុន្តែសម្រាប់ផ្ទះសម្បែង គឺអ្នកស្រីនៅជួលផ្ទះគេប៉ុណ្ណោះ។ អ្នកស្រីថាមួយជីវិតមិនដែលចាប់បានរង្វាន់អ្វីសូម្បីតែតូចតាចនោះទេ ទើបអ្នកស្រីយល់ថាការឈ្នះរង្វាន់ដីមួយហិកតារ ដោយមានទាំងដំណាំប័រពេញចម្ការផង នឹងធ្វើអោយអ្នកស្រីមានកម្លាំងក្នុងជីវិត ជាពិសេសក្នុងពេលដែលវ័យកាន់តែចាស់នាពេលនេះ។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំទិញបានចម្ការអ្នកស្រីរហូតដល់រាប់ពាន់ហិកតារ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង ពោធិសាត់ជាដើម ហើយបានវិនិយោគដាំជាដំណាំផ្សេងអាស្រ័យទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថាបើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជាមានហានិភ័យ អ៊ីចឹងហើយទើបក្រុមហ៊ុនសម្រេចពុះដីចម្ការដែលខ្លួនទិញបានរហូតដល់រាប់ពាន់ហិកតារនោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហ៊ំ១ហិកតារៗ ហើយលក់បង់រំលោះដើម្បីអោយមានការចូលរួមវិនិយោគ ដើម្បីបន្ថយបន្ទុករបស់ក្រុមហ៊ុន។ ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញរហូតដល់៤ឆ្នាំ ឬ៦ឆ្នាំ ដែលជារយៈពេលអោយបង់រំលោះនោះ ដើម្បីអោយចម្ការទាំងឡាយនៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ លោកថាគម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី១៤០០០រហូតដល់ជាង៤ម៉ឺនក្នុងមួយហិកតារ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏នឹងពុះលកក់ចម្ការក្រូច និងចម្ការឬស្សី ជាហិកតារៗអោយបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ។
លោកថាពិធីជប់លៀង ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ គឺជាពិធីសម្ពោធបើកលក់ចម្ការដូងក្រអូបនៅខេត្តពោធិ៍សាត់ ដោយក្នុងមួយហិកតារគឺលក់បង់រំលោះរយៈពេល៤ ទៅ៦ឆ្នាំ ហើយមិនគិតការប្រាក់ និងមិនត្រូវការប្រាក់តម្កល់។ តម្លៃដែលលក់ជូននេះ ក៏បូកបញ្ចូលថ្លៃផ្ដល់ពូជដំណាំ និងសេវាថែទាំដំណាំអោយពេញរយៈពេល៤ឆ្នាំផងដែរ ដោយមានន័យថាម្ចាស់រង់ចាំតែទទួលផល។ អ្វីដែលសំខាន់លោកអះអាងថា ដីចម្ការដែលបានពុះលក់មិនមែនជាដីសម្បទានរបស់រដ្ឋ ឬដីខុសច្បាប់នោះទេ ដោយលោកធានាថាជាដីដែលមានប្លង់កម្មសិទ្ធិច្បាស់លាស់ ដោយសារតែដីទាំងនោះគឺជាដីដែលលោកប្រមូលទិញពីពលរដ្ឋកាលពីច្រើនឆ្នាំមុន ហើយយកមកវិនិយោគជាចម្ការប៉ុណ្ណោះ។
ដោយឡែកសម្រាប់រង្វាន់ដីមួយហិកតារ ដែលតារាសម្ដែងជើងចាស់ អ្នកស្រី ពៅ ថាវី បានឈ្នះ លោកថា មិនមែនជាដីទទេនោះទេ គឺជាដីមានដំណាំប័រមួយចម្ការនៅខេត្តមណ្ឌលគីរី ហើយបើទោះជាលោកផ្ដល់ជូនប្លង់កម្មសិទ្ធិជូនអ្នកស្រីដោយមិនអោយអ្នកស្រីចំណាយសូម្បីមួយសេនក្ដី ក៏លោកនឹងមានក្រុមបច្ចេកទេសផ្ដល់ពូជ និងមើលថែដំណាំប័រជូនអ្នកស្រីពេញរយៈពេល៤ឆ្នាំ ដូចគ្នានឹងអតិថិជនបង់រំលោះដែរ។ លោកថាអ្នកទិញនេះ នឹងចំណេញ៤យ៉ាងគឺ ទីបានចម្ការដោយមិនខ្វល់ពីការមើលថែ ទី២ដីងាយឡើងថ្លៃ ទី៣បានដីជាប្រភេទធ្វើទេសចរណ៍បាន និងទី៤គឺបានទ្រព្យតកូនតចៅ។ អ៊ីចឹងហើយទើបគ្រាន់តែលោកប្រកាសគម្រោងនេះភ្លាមកាលពីឆ្នាំ២០១៨ គឺលោកអស់រាប់ពាន់ហិកតារ ដោយគម្រោងដែលទើបប្រកាសក្ដៅៗកាលពីយប់ថ្ងៃទី២៧ កុម្ភៈ គឺជាគម្រោងទី៧ហើយ៕