កូនប្រុសទាំង3របស់លោក ព្រាប សុវត្ថិ គ្រោងចេញសម្ដែងនៅអាមេរិកដំបូង ស្រាប់ជួបរឿងហួសចិត្ត

តារាចម្រៀង ព្រាប សុវត្ថិ និង កូនៗទាំង3 គ្រោងនឹងទៅសម្តែងជាថ្មីនៅសហរដ្ឋអាមេរិកលើកដំបូងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពាក់កណ្ដាលខែក្រោយ បន្ទាប់ពីខកខានអស់ពេល6ឆ្នាំ ក្រោមការអញ្ជើញពីអតីតតារាចម្រៀងហង្ស ឈា និងអតីតតារាភាពយន្តលោកសុភា ដេវីដ រួមជាមួយ Rising Star Entertainment។ ប៉ុន្តែអ្វីដែលហួសចិត្តនោះលោក និងកូនៗត្រូវបានប្រជាជនអាអាមេរិកមួយចំនួនធ្វើពហិការមិនទៅមើលការសម្ដែងឡើយ។

បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sakoun Sok បានបង្ហោះសារឱ្យដឹងពីរឿងនេះថា «ការធ្វើពហិការមិនចូលរួមមើលការសម្ដែងរបស់ ព្រាប សុវត្ថិ និងកូនៗទាំង៣នោះគឺជារឿងមិនត្រឹមត្រូវឡើយ។ បើទោះបីជាអស់លោកខ្លះមិនចង់ចូលរួមមើលការសម្ដែងពីក្មួយ ព្រាប សុវត្ថិ និងចៅៗនោះជាសិទ្ធគ្រប់គ្រាន់ តែសូមពិចារណា បើទោះបីជា ព្រាប សុវត្ថិ គ្រងឯកសណ្ឋានជាទាហានក៏ដោយលោក មិនបានទៅធ្វើទុក្ខបុកម្នេញអ្នកណាម្នាក់ឡើយ»។

ពាក់ព័ន្ធករណីអាណិកជនខ្មែរនៅអាមេរិកធ្វើពហិការមិនទៅចូលរួមមើលការសម្ដែង របស់ ព្រាប សុវត្ថិ និងកូនៗទាំង៣នេះដែរសាមីខ្លួនមិនអាចសុំការបកស្រាយបញ្ជាក់បានទេនៅខណៈនេះ៕