អ្នកនាង ខ្ញុង បង្ហាញទម្រង់ច្រមុះ និងតម្លៃកែសម្ផស្ស

ថ្មីៗនេះ អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ប្រចាំក្រុមនាយពាក់មី បានបង្កការភ្ញាក់ផ្អើលកក្រើកដល់ទស្សនិកជនយ៉ាងខ្លាំង ខណៈដែលគេឃើញនាង Live វីដេអូចេញពីផេកផ្លូវការរបស់ខ្លួន បង្ហាញមុខមាត់ដែលមានស្នាមជាំ ដែលទស្សនិកជនខ្លះសង្ស័យថានាងត្រូវប្ដីវាយទៀតផង។

តែយ៉ាងណា នាង ខ្ញុង ហាក់គ្មានអ្វីលាក់បាំងជាមួយទស្សនិកជននិងអ្នកគាំទ្ររបស់ខ្លួននោះទេ ដោយរូបនាង បានបង្ហាញមុខមាត់ដែលមានស្នាមជាំ នៅក្រោមភ្នែកយ៉ាងធំ ថែមទៀតផង។ តាមរយៈវីដេអូ Live នាង ខ្ញុង បានរៀបរាប់បា្រប់ទស្សនិកជនថា ច្រមុះរបស់នាង បានធ្វើរួចរាល់រយៈពេល៧ថ្ងៃហើយ ក៏ប៉ុន្តែគ្រាន់តែមិនទាន់កាត់ចេសតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត នាងខ្ញុងក៏បាននិយាយទៀតថា នាងគ្មានអ្វីត្រូវខ្មាស និងលាក់បាំងអ្នកគាំទ្រ គ្រាន់តែរឿងកែច្រមុះប៉ុណ្ណឹងនោះទេ ព្រោះថានាងចង់ Live ដើម្បីនិយាយលេងជាមួយអ្នកគាំទ្ររបស់ខ្លួន និងសួរសុខទុក្ខពួកគេតែប៉ុណ្ណោះ។

នៅយប់ថ្ងៃទី 6 ខែមីនា ឆ្នាំ 2018 នេះ អ្នកនាង ខ្ញុង បានប្រាប់សារព័ត៌មាន The Pluse News ថា អ្នកនាងធ្វើកែកុនច្រមុះថែមតែបន្ដិចអស់ 1200 ដុល្លារ នៅគ្លីនិកល្បីមួយកន្លែងក្នុងប្រទេសកម្ពុជា តែជាសំណាងដែលអ្នកនាងទទួលបានការបញ្ចុះតម្លៃ។ ច្រមុះអ្នកនាងទើបតែកាត់ចេសអំបោះ ដូច្នោះហើយ ទើបបណ្ដាលឱ្យមានស្នាមជាំខ្មៅខ្លះនៅលើមុខ។ ហើយម៉្យាងទៀត អ្នកនាងបានចាក់បំបាត់បឿករ ដើម្បីឱ្យឃើញទម្រង់មុខអក្សរវី។

អ្នកនាងបញ្ជាក់ថា គ្រូពេទ្យបានណែនាំអ្នកនាងក្នុងការកែសម្ផស្សដែលប្រកបដោយការទុកចិត្ត ព្រោះថា លើលោកនេះ មានមនុស្សភាគតិចណាស់ដែលមិនកែសម្ផស្ស សូម្បីតែអ្នកនាងជាមនុស្សដែលខ្លាចមុខកាំបិតបំផុត តែទីបញ្ចប់ បានសម្រេចចិត្តកែសម្ផស្សទាល់តែបាន៕