
តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា បេក្ខនារីអាមេរិក ចាហ្សែល បាប៊ី រ៉ូយ៉ាល់ (Jazell Barbie Royale) បានគ្រងមកុដបវរកញ្ញាMiss International Queen ដែលធ្វើឡើងនៅប្រទេសថៃ។ នាងពិតជាមោតនភាពជាបវរកញ្ញាសម្រាប់នារីកែភេទ ដោយបានក្លាយជាមនុស្សស្បែកខ្មៅដំបូងគេដែលឈ្នះការប្រកួតនេះ។
នាងរ៉ូយ៉ាល់បានកប់មុខរបស់នាងនៅក្នុងបាតដៃ ត្រដាងដៃគ្រវីយ៉ាងរីករាយ និងសម្រក់ទឹកភ្នែក នៅពេលដំណឹងនៃជ័យជម្នះត្រូវបានប្រកាសនៅក្នុងទីក្រុងមាត់សមុទ្រប៉ាត់តាយ៉ា។ មេដឹកនាំសហគមន៍និងជាសកម្មជនវីរុសហ៊ីវរូបនេះបានយកឈ្នះលើបេក្ខនារី 19នាក់ផ្សេងទៀតមកពីជុំវិញពិភពលោក រួមទាំងប្រេស៊ីល ប៉េរូ និងប្រទេសអាស៊ីមួយចំនួន។
នាងបាននិយាយថានាងសង្ឃឹមថាជ័យជម្នះរបស់នាងនឹងបំផុសគំនិតដល់មនុស្សដែលមានពណ៌សម្បុរផ្សេងគ្នានៅជុំវិញពិភពលោកអាចនិយាយថា “ប្រសិនបើនាងអាចធ្វើវាបាន ខ្ញុំនឹងចូលរួមប្រកួតបវរកញ្ញាឯកអន្តរជាតិនៅឆ្នាំក្រោយ ហើយខ្ញុំនឹងប្រកួតប្រជែងដែរ”។ នាងរ៉ូយ៉ាល់មកពីរដ្ឋផ្លរីដាបាននិយាយថានាងចង់ប្រើប្រាស់ជ័យជម្នះថ្មីរបស់នាងដើម្បីអប់រំអ្នកដទៃអំពីសារៈសំខាន់នៃការធ្វើតេស្តរកវីរុសហ៊ីវ ការរួមភេទដោយសុវត្ថិភាព និងការថែទាំសុខភាពផ្លូវភេទ៕