
កំពង់ឆ្នាំង៖ នៅតែ៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនឹងឈានចូលមកដល់ហើយ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខណៈគណៈកម្មការបានរៀបចំកិច្ចការងាររបស់ខ្លួនរួចជាស្រេចហើយ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរ ៥០ម៉ឺននាក់ចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ។
ពិធីបុណ្យទន្លេលើកទី៥នេះ ធ្វើឡើងក្រោមប្រធានបទ«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈមានការតុបតែងលម្អនៅតាមដងផ្លូវនៃក្រុងកំពង់ឆ្នាំង គួរឲ្យទាក់ទាញ រីឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏បានមកទស្សនាកម្សាន្តបណ្ដើរៗដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អ នៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរមកហើយដែរ។
ចំពោះកម្មវិធីសម្ដែងសិល្បៈ ការរៀបចំព្រឹត្តិការណ៍កីឡាជាដើមនោះ គឺមានការត្រៀមរួចរាល់អស់ ខណៈដែលក្រុមការងារនៅតែហាត់សមរៀល់ថ្ងៃ ដើម្បីញ៉ាំងបរិយាកាសក្នុងពិធីបុណ្យទន្លេខាងមុខនោះ ឱ្យកាន់តែអធិកអធ័ម។ ការរៀបចំព្រឹត្តិការណ៍សិល្បៈនេះទៀតសោត ក៏មានការសម្ដែងសិល្បៈពីក្រុមសិល្បកររបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី។
លោករដ្ឋមន្ត្រីបានណែនាំដល់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ត្រូវស្លៀកពាកកឯកសណ្ឋានឲ្យបានស្អាតបាតត្រឹមត្រូវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេ ព្រមទាំងសូមចូលរួមក្នុងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន»ឲ្យបានសស្រាកសស្រាំងផងដែរ។
លោកនៅតែជំរុញឱ្យយុវជន ក៏ដូចជាអ្នកមានគូស្រករ គប្បីចូលរួមដាំដើមឈើក្នុងពិធីបុណ្យទន្លេ ទុកជាអនុស្សាវរីយ៍ឲ្យបានកុះករ ដើម្បីចូលរួមដល់ការការពារបរិស្ថាន។ ទោះយ៉ាងណា លោករដ្ឋមន្ត្រីបានបង្ហាញការរំពឹងទុកថា នឹងមានភ្ញៀវទេសចរ ៥០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេនេះ៕