គន់ រៀមរតនៈ ហៅចែរ៉ូហ្សា កាន់តែកាប់កបក្នុងអឹមវីចូលឆ្នាំថ្មី

អ្នកគាំទ្រសុទ្ធតែភ្ញាក់ផ្អើល ដែលលោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ក្តាប់បានទីផ្សារល្អ ក្នុងផលិតកម្មថោន មើលទៅពិតជាមិនធម្មតា ទើបឆ្នាំនេះ គេកត់សម្គាល់ឃើញថា តារាសម្តែងនិយមតែងតួភេទទី៣រូបនេះ ត្រូវបានមើលថា ហាក់មានភាពលេចធ្លោយ៉ាងខ្លាំង ដោយសារតែតារារូបនេះ ស្រាប់តែបង្ហាញនូវចម្រៀងបទចូលឆ្នាំប្រចាំផលិតកម្មថោន សុទ្ធតែជាបទរបស់តារាចម្រៀងជួរមុខ។

អ្នកណាក៏ដឹងថា តារាសម្តែងភេទទី៣ គន់ រៀមរតនៈ ហៅចែរ៉ូហ្សា មានការព្យាយាមតស៊ូខ្លាំងក្នុងដំណើរជីវិត តាំងពីនៅដីស្រែរហូតមករស់នៅលំបាកវេទនាជាមួយអ្នកក្រុង។ យ៉ាងណា ចែរ៉ូហ្សា ខំធ្វើការផងរៀនផង ហើយបានសញ្ញាបត្របាក់ឌុប១ហ្នឹងគេ ដែលរ៉ូហ្សា យល់ថា សំណាងពេកហើយជាតិនេះ។

ខណៈផលិតកម្មថោន បានចេញបទចម្រៀងបែបរាំវង់ កន្ទ្រឹម ណាំលាវជាច្រើនបទ ហើយក៏ជ្រើសរើសតារាលំដាប់កំពូលរបស់ខ្លួនច្រើននាក់ ច្រៀងសម្តែង។ សម្រាប់កញ្ញា មាស សុខសោភា ស្រាប់តែកំពុងផ្ទុះបទ «រលឹមប្រុយប្រុយ» បែបកន្ទ្រឹម ហើយតាមរយៈបទនោះដែរ ឃើញថា ចែរ៉ូហ្សា ថតសម្តែងកៀកជាមួយ មាស សុខសោភា ឡើងលំដាប់។ រួចបន្តមកទៀត ក៏ឃើញលោកស្រាប់តែត្រូវខាងផលិតកម្មថោន បន្តឲ្យថតចម្រៀងថ្មី ដែលជាបទរបស់ ឈិត សុវណ្ណបញ្ញា កាន់តែឡើងកូដ៕