លោក ព្រំ សិលា ៖ « ហូវលីវូត និងបរទេស កំពុងចាប់អារម្មណ៍ធនធានភាពយន្ដខ្មែរចូលទីផ្សារអន្ដរជាតិ»

នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ Filmart នៅក្នុងទីក្រុងហុងកុង ដែលតំណាងប្រទេសកម្ពុជាមានប្រធានសមាគមភាពយន្តកម្ពុជា លោក ព្រំ សិលា ដែលបានចូលរួមបានអះអាងថា ហូលីវូត និងហ្វីលីពីន កំពុងតែចាប់អារម្មណ៍ចំពោះភាពយន្ដកម្ពុជាយើង និងទីតាំងថត ខណៈដែលកម្ពុជាមានធនធានផលិតករ ដែលមានសមត្ថភាពអាចចាប់ដៃផលិតភាពយន្តប្រកបដោយស្ដង់ដារអន្ដរជាតិ។

លោក ព្រំ សិលា ជាប្រធានសមាគមភាពយន្តកម្ពុជាថ្មីបានប្រាប់ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ Filmart នៅហុងកុង ថា ក្រោយពីលោកបានឡើងជាប្រធានសមាគមភាពយន្តកម្ពុជា ទើបតែលើកដំបូងប៉ុណ្ណោះ ដែលលោកបានដឹកនាំផលិតករ និងក្រុមការងារសមាគមចូលរួមក្នុងព្រឹត្តិការណ៍តាំងស្ដង់ ដើម្បីដាក់លក់ភាពយន្តមួយនេះ។ លោកថា គឺជាមោទនភាពធំមួយ ដែលវេទិកាដាក់លក់ភាពយន្តដ៍ធំប្រចាំឆ្នាំរបស់ពិភពលោកមួយនេះ ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចំពោះភាពយន្តខ្មែរ ក្នុងពេលដែលលោកយល់ថាក្រុមផលិតករកម្ពុជា និងសមាគមទទួលបានផ្លែផ្កា។ លោកថាវត្តមានរបស់សមាគម និងបណ្ដាផលិតករដែលបានតាំងស្ដង់ដាក់លក់ភាពយន្ត ក្នុងព្រឹត្តិការណ៍នៅហុងកុងលើកនេះ គឺទទួលបានសញ្ញាណជាវិជ្ជមានល្អប្រសើរ។

លទ្ធផលដែលលោកសំលឹងឃើញនោះគឺដោយសារតែមានបណ្ដាភ្ញៀវអន្តរជាតិ ជាក្រុមផលិតករមកពីប្រទេសផ្សេងៗច្រើនក្រុម បង្ហាញការចាប់អារម្មណ៍ចំពោះផលិតផលភាពយន្តរបស់ខ្មែរ ដោយលោកមើលឃើញថា ក្រៅពីចាប់អារម្មណ៍ចង់ទិញសាច់រឿងមួយចំនួនរបស់ខ្មែរ ដើម្បីយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេ ផលិតករទាំងនោះក៏ប្រកាសចាប់ដៃជាមួយផលិតករខ្មែរ ដើម្បីផលិតរឿងនៅកម្ពុជាផងដែរ។ លោកថាគឺជាមោទនភាព ដែលភាពយន្តរបស់ខ្មែរ ត្រូវបានគេអនុញ្ញាតិឱ្យតាំងស្ដង់ក្នុង Zone ភាពយន្តហូលីវូត ហើយមិនខុសពីជួយឱ្យភាពយន្តរបស់ខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

លោកបង្ហាញការរំពឹងយ៉ាងខ្លាំងថា ផលិតករបរទេសនឹងចាប់អារម្មណ៍ចុះមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីគោលការណ៍លើកលែងពន្ធក្នុងការផលិតភាពយន្តរហូតដល់ឆ្នាំ2023 ដែលមិនខុសពីការបើកផ្លូវអោយផលិតករទាំងក្នុង និងក្រៅស្រុក បង្កើនការផលិតស្នាដៃព្រោះលែងមានការស្មុគស្មាញជាងមុន។ លោកថាវត្តមានតាំងស្តង់នៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី20 មីនា កម្ពុជាមិនរំពឹងច្រើនពីការលក់ភាពយន្តបានច្រើននោះទេ ប៉ុន្តែអ្វីដែលសមាគមសំលឹងឃើញគឺ ការទំនាក់ទំនងពីផលិតករបរទេសដើម្បីផលិតរឿងនៅកម្ពុជា ដែលនឹងជួយឱ្យវិស័យភាពយន្តខ្មែរ មានការឈានឡើង។ ក្នុងនោះ ផលិតករហ្វីលីពីន និងសហរដ្ឋអាមេរិក ហាក់ចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថាកម្ពុជា ក៏មានធនធានផលិតករ ដែលមានសមត្ថភាពអាចចាប់ដៃផលិតភាពយន្តប្រកបដោយស្ដង់ដារបានយ៉ាងល្អដែរនោះ។