ក្រោយកាន់ទុក្ខប្អូនស្រី ខេមរៈ សិរីមន្ត បង្ហាញមុខដំបូងក្នុងការបើកជំនួញដីធ្លីនៅជាយដែនថៃ

ខណៈកំពុងតែកាន់ទុកប្អូនស្រី លោក ខេមរៈ សិរីមន្ត បាន​បោះបង់ការសម្តែងប្រមាណជិត50កម្មវិធី ព្រមទាំងមិនទាន់គិតពីកម្មវិធីថ្មីៗមួយចំនួនផង។ លោកក៏​លុបកុងត្រាចោលពីក្រុមហ៊ុនផ្សេងៗហើយខាងភាគីទៀតម្នាក់ៗសុទ្ធ​តែយោគយល់ មិនឱ្យ​លោកសងសំណង អំឡុងពេលបាត់បង់មនុស្សជាទីស្រឡាញ់ពេញចិត្តពេញថ្លើម។ តែយ៉ាងណាមិញ នៅព្រឹកថ្ងៃទី 19 ខែមីនា នេះលោកបាន​ត្រៀមត្រឡប់មកទីលានដ៏​ភ្លឺចិញ្ចាចឡើងវិញហើយ បើនិយាយពីសិល្បៈវិញ ឃើញថា លោកមានតំណែងជា​គណៈកម្មការធំមួយជាមួយហង្សមាស ក្នុងកម្មវិធី​ប្រឡងចម្រៀងខ្នាតអន្តរជាតិ ព្រមទាំងទើបតែរំលេចការងារជាម្ចាស់គម្រោងពុះដីឡូត៍ថ្មីនៅក្រុង​ប៉ោយប៉ែតក្បែរព្រំដែនថៃ។

ការ​ចេញ​មុខបើក​​មុខ​ជំនួញ​​ធំ​​ផ្ទាល់​​ខ្លួននេះ ដោយសារតែកន្លងមកថ្មីៗ លោក​​ធ្លាប់បាន​​ចាប់​​ដៃ​គូ​​ជា​មួយ​កំពូលតារា​​​ចម្រៀង​​លោក ព្រាប សុវត្ថិ និង​ម្ចាស់​​ផលិត​កម្ម Galaxy លើ​​គម្រោង​ដី​ពុះ​ឡូត៍។ ម្ដងនេះលោក​​បាន​​បញ្ជាក់​​ថា៖ ”គម្រោង​​ដ៏​ធំ​នេះ​​ខ្ញុំ​​ទិញ​ដី​​បាន​​ប្រមាន 10 ​ហិច​តា ដោយ​​គ្រោង​ពុះ​​ជា​ដីឡូត៍។ ដូច្នេះ​​ហើយ​​បងប្អូន​ទិញ​​បន្ត​​ពី​ខ្ញុំ​ មិន​ខុស​បំណង​​ទេ ព្រោះ​​មាន​​សិទ្ធពិសេស​ជាង​​គេ ក្នុង​គម្រោង​​នេះ”។ លោកថា ខំធ្វើយ៉ាងណា ដើម្បីសិល្បៈ បើកាលណាលោកមានលុយ លោកចង់បង្កើតសិល្បៈឲ្យ​ល្អ ដាក់ការផលិតចេញចម្រៀងជាមួយបច្ចេកវិទ្យាទំនើបៗ ដូចប្រទេសជិតខាង ដោយយកធនធានមនុស្សឲ្យ​កាន់តែល្អចូលរួម។ ដូចនេះបើចង់រីកចម្រើន ទាល់តែមានលុយជាមុនសិន ទើបយើងធ្វើអ្វីៗបាន។

ទាក់ទងគម្រោងពុះដីឡូតិ៍​លក់នៅក្រុង​ប៉ោយប៉ែតលោក​ សិរីមន្ត ថា ជាចំណែកមួយ ដែល​លោកដាក់ទុនតែម្នាក់ឯង គ្មានអ្នកណា ឬឧកញ៉ាណានៅពីក្រោយទេ។ លោក បានលុយកាក់សន្សំពីសិល្បៈ និងការរកស៊ីដី និងមុខរបរលក់ទឹកអប់ ទើបអាចធ្វើគម្រោងពុះដីថ្មី នៅ​តំបន់ជាយដែននេះ​បាន។

លោក ថា ដីឡូតិ៍​នៅប៉ោយប៉ែតស្ថិតក្នុងដំបន់ China Poipet Satellite City មានចម្ងាយ៣គីឡូម៉ែត្រ ពីជាយដែនខ្មែរ-ថៃ ដោយពុះជាឡូតិ៍​៨០០ប្លង់ ចាប់ពីតម្លៃ២៩៥០ដុល្លារឡើងទៅ មានទំហំ៥គុណ២០ម៉ែត្រ។ នេះជាតម្លៃមួយសមរម្យបំផុត ដែលគិតថា ចុះថ្លៃរួចរាល់ បើតម្លៃត្រឹមត្រូវខ្ទង់៥ពាន់ឡើងឯណោះ។ លោកសម្លឹងឃើញតំបន់នេះ ល្អមិនចាញ់កំពង់សោម ឬភ្នំពេញ ហើយគម្រោងពុះដីនេះ ចាប់បើក​លក់ពីថ្ងៃ២៣ មី​នា ២០១៩ខាងមុខនេះ​តទៅ ដោយមានអ្នកខ្លះកក់ ឬទិញរួចរាល់ហើយ​៕