ឆន សុវណ្ណរាជ ពុះកញ្ជ្រោលគម្រោងពុះលក់ដីចម្ការនៅសៀមរាប

កំពូលតារាចម្រៀងហង្សមាសដែលគ្រងបានតំណែងអាយដលច្រើនឆ្នាំ លោក ឆន សុវណ្ណរាជ បានធ្វើអោយ​គេឯងនៅក្រុងសៀមរាប ភ្ញាក់ផ្អើលពេលរំលេចខ្លួនក្នុងការសម្តែងនៃព្រឹត្តិការណ៍ដ៏​ធំមួយ សម្រាប់ផ្តោតលើការវិនិយោគដីចម្ការ ក្នុងខេត្តសៀមរាប។ សុវណ្ណរាជ ចាត់ទុកថា ការសម្តែងលើកនេះ ពិតជាប្លែកមិនធ្លាប់មាន ហើយក៏​ចូលរួមអបអរប្រជាពលរដ្ឋនាខេត្តសៀមរាប បានគម្រោងថ្មីប្លែក បានផលល្អតកូនតចៅ។

កាលពីយប់ថ្ងៃទី២០ មីនា តារាចម្រៀងល្បីល្បាញលោក ឆន សុវណ្ណរាជ បានបង្ហាញខ្លួនគួរឲ្យ​ភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ “ឋានព្រះឥន្ទ” ដែលរៀបចំឡើងកណ្ដាលក្រុងសៀមរាប ខណៈដែលលោកប្រកាសថា នេះជាគម្រោងមិនធ្លាប់ឃើញនៅក្នុងជីវិត។ លោកថា សប្បាយចិត្តយ៉ាងខ្លាំង ដែលឃើញកម្ពុជា មានគម្រោងមួយនេះ ដោយលោកបង្ហើបថា ខ្លួនក៏​នឹងពិចារណាបោះទុនទិញដីមួយចំនួន ក្នុងគម្រោងមួយនេះ។

នៅក្នុងពិធីសម្ពោធបើកការិយាល័យលក់ចម្ការដូងក្រអូបខេត្តសៀមរាប កាលពីយប់ថ្ងៃទី២០ មីនា លោក ហង្ស ព្រីន្សយ៉ា នាយកប្រតិបត្តិក្រុមហ៊ុនហង្សម្ចាស់ដី ឌីវែលឡប់មិន បានឲ្យដឹងថា ក្រុមហ៊ុនកំពុងទទួលបានជោគជ័យកាន់តែខ្លាំងក្នុងគម្រោងប្រមូលទិញដីពីពលរដ្ឋដាំដុះជាចម្ការហើយពុះជាហិកតារៗអោយពលរដ្ឋបង់រំលោះនេះ ដើម្បីក្លាយជាម្ចាស់ចម្ការ ដោយក្នុងចំណោមទីតាំងចម្ការ៤ខេត្តដែលក្រុមហ៑ុនប្រកាសលក់រួមមាន ចំការដូងក្រអូបនៅខេត្តសៀមរាប ខេត្តពោធិសាត់ ចម្ការប័រនៅខេត្តមណ្ឌលគីរី និងចំការទុរ៉េននៅខេត្តកំពត គឺចម្ការដូងក្រអូបនៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប មានការកក់ទិញក្នុងចំនួនច្រើនជាងគេ ដោយសារតែស្ថិតក្នុងតំបន់ដីកំពុងឡលងថ្លៃ និងជាទីតាំងដែលក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ១ហិកតារ១៤០០០ដុល្លារនៅឡើយ។ លោកថាគម្រោងរបស់ខ្លួន បានគ្របដណ្ដប់លើផ្ទៃដីជាង ៧០០០ហិកតា ដោយក្រៅពីជួយលើកកម្ពស់វិស័យកសិកម្ម ក៍ជួយបង្កើតសេវាកម្មនានា បង្កើតការងារ និងបង្កើនបផលិតផលកសិកម្មនៅកម្ពុជា។ ដីចម្ការពុះឡូតិ៍នេះគឺរាប់បញ្ចូលទាំងការផ្ដល់ពូជដូងក្រអូប និងដាំដុះអោយ ដោយមើលថែរហូតគ្រប់៤ឆ្នាំជូន ខណៈដែលតម្លៃក្នុងមួយហិកតារ១៤០០០ដែលបានប្រកាសលក់ ក៍ផ្ដល់លក្ខណ្ឌអោយបង់រំលោះរហូតដល់៤ឆ្នាំមិនគិតការប្រាក់។

លោកស្រី ស រ៉ានេ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានអះអាងស្របគ្នាថាគម្រោងឋានព្រះឥន្ទរបស់ក្រុមហ៊ុន គឺគម្រោងលើកស្ទួយវិស័យកសិកម្មដ៍ល្អមួយ ដែលក្រៅពីជួយអភិវឌ្ឍន៍ដីស្រែដីចម្ការទុកចោល អោយក្លាយជាតំបន់ពណ៍បៃតង និងជាតំបន់ទេសចរណ៍ ក៍ជាគម្រោងដែលជួយអោយពលរដ្ឋទទួលបាននូវកំណប់ទ្រព្យតកូនតចៅផងដែរ។ លោករំពឹងថាអ្នកចូលចិត្តវិនិយោគលើគម្រោងដីឡូតិ៍តូចៗនឹងចាប់អារម្មណ៍មកវិនិយោគលើគម្រោងដីចម្ការធំៗបែបនេះវិញ ដោយសារគម្រោងមួយនេះ មានការទទួលស្គាល់ច្បាស់លាស់ពីរដ្ឋាភិបាល ហើយមិនមែនជាដីសម្បទាន ឬដីជួល ដែលបារម្ភពីការបង់ដាច់ហើយមិនបានដី៕