គ្រូពេទ្យវ័យក្មេងម្នាក់សុខចិត្តលាឈប់ពីមន្ត្រីរាជការ ព្រោះមិនចង់លួចម៉ោងការងាររដ្ឋទៅធ្វើការឯកជន

កំពង់ចាម៖ ទន្ត​បណ្ឌិត​វ័យក្មេង​ម្នាក់​ឈ្មោះ កាក់ តុលា ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម  ត្រូវបាន​ក្រសួងសុខាភិបាល​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ តាម​ពាក្យស្នើសុំ​របស់​សាមីខ្លួន ខណៈ​ទន្ត​បណ្ឌិត​រូបនេះ​អះអាងថា លោក​លាឈប់​ពី​មន្ត្រីរាជការ ព្រោះ​មិន​ចង់​លួច​ម៉ោង​ការងារ​រដ្ឋ​ទៅធ្វើ​ការ​ឯកជន។

តាម​ប្រកាស​ស្តីពី​ការ​លុបឈ្មោះ​មន្ត្រីរាជការ​ដែល​សុំ​លាឈប់​ពី​ការងារ​របស់​ក្រសួងសុខាភិបាល ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែល​សារព័ត៌មាន The Plus News ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី២៦ ខែមីនា​នេះ​បាន​បង្ហាញថា សម្រេច​លុបឈ្មោះ លោក កាក់ តុលា កើត​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៧៩ មុខជំនាញ​ទន្ត​បណ្ឌិត ដែលមាន​ក្របខ័ណ្ឌ​នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ចេញពី​ក្របខ័ណ្ឌ​ក្រសួងសុខាភិបាល ចាប់ពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ តទៅ ដោយ​មូលហេតុ​សាមីខ្លួន​សុំ​លាឈប់។

ជុំវិញ​ករណី​លុបឈ្មោះ​នេះ លោក កាក់ តុលា សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖«ជា​ផ្លូវការ ខ្ញុំ​លែង​ជា​មន្ត្រីរាជការ​ទៀតហើយ ។ ខ្ញុំ​មិន​ចង់​បើកប្រាក់​បៀវត្ស​ពីរ​ដ្ឋ តែ​លួច​ម៉ោង​ការងារ​រដ្ឋ​ទៅធ្វើ​ការ​ឯកជន​ឡើយ»។

លោក​បន្តថា៖«ទោះជា​យ៉ាងណា​ក៏​ខ្ញុំ​នៅតែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែទាំ​សុខភាព​ប្រជាជន​តាមរយៈ​វិស័យ​ឯកជន​វិញ។ ពេល​ជរា​បន្តិច​ក៏​អង្គុយ​ផឹក​តែ អាន​សៀវភៅ ជាមួយ​អាហារ​បី​ពេល ទោះ​ប្រហុក​ដុត​ក៏បាន»។

ក្នុងនោះដែរ លោក កាក់ តុលា ថ្លែងថា៖«សូម​អភ័យទោស បើ​ខ្ញុំ​មាន​សម្តី​លើសលួស​ប៉ះពាល់​ដល់​កិត្តិយស​បងប្អូន​ទាំងអស់គ្នា»៕