លើកទឹកចិត្តបុគ្គលិកឆ្នើម៦០នាក់ លោក យ៉ន សេងហាន ចំណាយប្រាក់៣ម៉ឺនដុល្លារនាំបុគ្គលិកទៅកម្សាន្ដនៅបរទេស

ពិតជាមិនសរសើរមិនបានឡើយ លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហានលក់ដីធ្លី បានដឹកនាំបុគ្គលិក ៦០ នាក់ធ្វើដំណើរ​ទស្សនកិច្ច និងកម្សាន្ដនៅប្រទេសម៉ាឡេស៊ីនិង សិង្ហបុរី កាលពី​ពេល​កន្លង​ទៅ​ ​នៅ​ត្រឹម​ថ្ងៃទី​ ២៩ ​ខែមីនា ​ឆ្នាំ២០១៩ ​។ ដំណើរកម្សន្ដតាមបែបទេសចរណ៍នេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់ក្នុងទំហំ ៣ ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្ត និងតបស្នងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ដែលបានតស៊ូស្វះស្វែងគ្រប់ឧបសគ្គដើម្បីភាពជោគជ័យ។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហានលក់ដីធ្លី បានថ្លែងមុនឡើងយន្តហោះនៅព្រលានថា មុនសម្រេចចិត្តដឹកនាំបុគ្គលិកទៅដើរកម្សាន្តនៅក្នុងប្រទេសម៉ាឡេ និង សិង្ហបុរី នេះ លោកក៍បានដឹកនាំបុគ្គលិកច្រើននាក់បែបនេះរួចមកហើយ ទៅកម្សាន្តនៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់តំបន់លំហែរកាយនៅក្នុងស្រុក ដោយមិនមែនលោកគាំទ្រអោយយកថវិកាទៅចំណាយនៅឯក្រៅប្រទេស ហើយភ្លេចយកកញ្ចប់កម្សាន្តបែបនេះ ដើម្បីជំរុញអោយតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាទទួលបានចំណូលចូលដល់សហគមន៍នោះទេ។

ដំណើរកម្សាន្ត៣យប់៤ថ្ងៃរបស់បុគ្គលិកក្រុមហ៊ុនសេងហានទាំង៦២រូបនេះ លោកថាចំណាយប្រមាណជា៣ម៉ឺនដុល្លារ ដោយខ្ទង់ចំណាយទាំងនេះនៅមិនទាន់រាប់បញ្ចូលការចំណាយជាច្រើនផ្សេងទៀតនៅពេលទៅដល់ និងរង្វាន់ជាការលើកទឹកចិត្ត ដែលលោកគម្រោងធ្វើនឹងធ្វើឡើងនោះផង។ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺ បុគ្គលិករបស់លោកនឹងបានស្គាល់ពីបរិយាកាសនៅក្នុងប្រទេសទំនើប ហើយអាចយកចំណេះដឹងដែលបានពីទស្សនកិច្ចនេះ មកធ្វើអោយមានការអភិវឌ្ឍន៍ខ្ពស់ដល់ក្រុមហ៊ុន។ លោកមានគម្រោងដឹកនាំក្រុមការងារ និងអតិថិជនដែលចាប់ឆ្នោតត្រូវ ទៅកម្សាន្តនៅក្នុងប្រទេសចិន ហុងកុង និង ស៊ីនជិនជាទ្រង់ទ្រាយធំទៀត ដើម្បីបង្កើនទំនាក់ទំនងក្រុមការងារផង និងដើម្បីអោយអតិថិជនកាន់តែមានទំនុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនសេងហានដែលជាក្រុមហ៊ុនពុះលក់ដីឡូតិ៍របស់ខ្លួនផង។

ពាក់ព័ន្ធនឹងស្ថានភាពដីធ្លីវិញ លោក យន សេងហាន ម្ចាស់ក្រុមហ៊ុនសេងហានលក់ដីឡូតិ៍ បានអះអាងថា កម្ពុជា នឹងមិនមានបញ្ហាហានិភ័យលើបញ្ហាដីធ្លីនោះទេ ដោយលោកសំលឹងមើលថា យ៉ាងហោចក៍៣ឆ្នាំទៅមុខទៀតដែរ ទើបស្ថានភាពដីធ្លីមួយនេះនឹងអាចស្រុតចុះបន្តិចបន្តួច ប៉ុន្តែក៍មិនច្រើននោះដែរ ដោយសារតែកម្ពុជាសព្វថ្ងៃក៍មិនមានបញ្ហាចលាចលរឿងនយោបាយ ស្របគ្នាដែលក្រុមវិនិយោគចិន និងបរទេសច្រើនឡើងកំពុងសម្រុកមកបោះទុនវិនិយោគច្រើនឡើងនៅកម្ពុជា៕