
ក្នុងមួយឆ្នាំគឺមានតែម្តងប៉ុណ្ណោះក្នុងការជួបជុំរាំលេងកម្សាន្ត សម្រាប់ឆ្នាំនេះនៅ ស្កាយលែន បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងធំមួយដើម្បីជួបជុំបងប្អូន ព្រមទាំងបង្ហាញពីតំបន់ទេសចរណ៍ដែលនឹងធ្វើឱ្យកក្រើកខ្លាំងនៅវិហារសួគ៌ សូម្បីតែតារាចម្រៀងជាច្រើនដួងក៏ត្រៀមនឹងចូលរួមផងដែរ ។ ដើម្បីចូលរួមលើកស្ទួយបុណ្យប្រពៃណីជាតិ ពិសេសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឆ្នាំនេះនៅតំបន់អភិវឌ្ឍន៍វិហារសួគ៌ ក៏មានគម្រោងរៀបចំព្រឹតតិការណ៍ការណ៍សង្រ្តាន្តយ៉ាងផុសផុល ដើម្បីឲ្យគេស្គាល់តំបន់នោះកាន់តែខ្លាំងបន្តទៀត។ ដូចនេះហើយទើបគេចាប់អារម្មណ៍ថា គម្រោងបុណ្យចូលឆ្នាំកើតមានម្តងទៀត ធ្វើឲ្យអ្នកវិហារសួគ៌ភ្ញាក់ផ្អើល និងតំបន់ក្បែរនោះ ក៏ពេញចិត្តលើផែនការនេះដែរ។
យោងតាមវេទិកាសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៧ ខែមីនា បានអះអាងថា ទឹកដីស្កាយលេន-7NG ដែលនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងវត្តវិហារសួគ៌ នឹងរៀបចំព្រឹត្តិការណ៍សង្ក្រានជាទ្រង់ទ្រាយធំតែម្ដង ដោយក្រៅពីមានការចូលរួមដោយកំពូលតារាល្បីៗ ក៏មានបែងចែកជាតំបន់លេងកម្សាន្តរហូតដល់៥តំបន់ផ្សេងគ្នា ខណៈដែលការរៀបចំនៅក្នុងឆ្នាំនេះ ក៏ជាការបង្អួតសួនថ្មីកម្រិតអន្តរជាតិនៅស្កាយលេន ដែលមានការរំពឹងថា នឹងមានអ្នកមកកម្សាន្តមិនក្រោម៤០ម៉ឺននាក់។
លោកឩកញ៉ា ស្រី ចាន់ថន អ្នកផ្ដើមរៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា សង្ក្រានស្កាយលេនក្នុងឆ្នាំទី២នេះ នឹងធ្វើទ្រង់ទ្រាយធំដុំជាងកាលពីឆ្នាំមុនទ្វេដង ដោយគ្រាន់តែការរៀបចំ ក្រុមហ៊ុនចំណាយមិនក្រោម៣០ម៉ឺនដុល្លារ។ ក្រៅពីរៀបចំជាសួនដាយណូស័រ សួនបន្លែផ្លែឈើ ភ្នំសិប្បនិមិត្ត និងទីលានសម្រាប់លេងទឹក សង្ក្រាននៅក្នុងឆ្នាំនេះ ក៏នឹងរៀបចំជាតំបន់៥ចែកដាច់ពីគ្នា ដើម្បីឲ្យបងប្អូនដែលមកកម្សាន្តបានទស្សនាដោយរីករាយផងដែរ។ តំបន់ទាំង៥នោះរួមមាន ភូមិប្រជាប្រិយស្កាយលេនដែលជាកន្លែងលែងលាក់កន្សែង ល្បែងពង្រាត់កូនក្រមុំ និងល្បែងដណ្ដើមស្លឹកឈើ។ តំបទី២ គឺភូមិប្រជាប្រិយជេត ដែលជាកន្លែងសម្រាប់មហាជនលេងចោលឈូង លេងទាញព្រ័ត្រ លេងបោះអង្គុញ លេងល្បែងស្ដេចចង់ និងលេងដណ្ដើមស្លឹកឈើហ្សូនទី២។ តំបន់ទី៣ គឺភូមិគុនខ្មែរ ដែលជាទីតាំងសម្ដែងក្បាច់គុនយុទ្ធក្រមខម ដោយរួមមានការបង្ហាញ និងការប្រកួតជាដើម។ ក្នុងនោះក៏មានការប្រដាល់ ដោយប្រកួតប្រជែងគ្នាយកប្រាក់រង្វាន់ផងដែរ។ តំបន់ទី៤ គឺភូមិជ្រូកនាំសំណាងដែលជាតំបន់មហាជនគ្រាន់តែផ្សងមួយដុល្លារហើយជ្រើសយកសោរសំណាងដើម្បីឈ្នះទឹកប្រាក់១លានរៀលពីក្រុមហ៊ុនស្កាយលេន។ សម្រាប់តំបន់ទី៥ គឺជាទីតាំងប្រគំតន្ត្រី ដោយការប្រគំតន្ត្រីនេះ គឺក្រុមហ៊ុនរៀបចំប្រគំតន្ត្រីនៅទីលានបាតបឹងតែម្ដង អមដោយស្ដង់ពិព័រណ៍ ដើម្បីឲ្យមើលពីលើទៅឃើញស្រស់ស្អាត។
លោកឩកញ៉ា ស្រី ចាន់ថន បន្តថា សង្ក្រាននៅក្នុងឆ្នាំនេះ នឹងធ្វើឡើងចំថ្ងៃចូលឆ្នាំ គឺថ្ងៃ១៤ ថ្ងៃ១៥ និងថ្ងៃ១៦ ខែមេសា ដោយថ្ងៃ១២ មេសា នឹងមានពិធីក្រុងពាលីធំមួយ។ លោកថាសង្ក្រានស្កាយលេន នឹងទាញអ្នកចូលទស្សនា មិនក្រោម៤០ម៉ឺននាក់នោះទេ ដោយសារតែសួនដែលលោករៀបចំអស់ខ្ទង់លានដុល្លារក៏រៀបចំហើយរួចរាល់ មិនចាញ់សួននៅក្រៅប្រទេស ហើយមានទំហំរាប់សិបហិកតារ។ ក្នុងនោះតារាដែលមកច្រៀងទាំង៣ថ្ងៃក្នុងកម្មវិធីសង្ក្រានក៏រួមមាន កញ្ញា រ៉ាប៊ី, លោក ខេម, លោក ខាន់ ជេម, កញ្ញា សុភ័ក្ត្រ កុសុម៉ា, កញ្ញា កែវ សុបញ្ញា, អ្នកនាង កាតុ, កញ្ញា ព្រះកាយច័ន្ទ ដែលសុទ្ធតែជាតារាល្បី៕