
បន្ទាប់ពីបទចម្រៀងមួយបទ របស់តារាចម្រៀងនៅក្នុងផលិតកម្មថោន លោក ម៉ៅ ហាជី មានចំណងជើងថា «ភ្ជុំបិណ្ឌនឹកស្រុក» ត្រូវបានរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យចាត់វិធានការផ្អាកការចាក់ផ្សាយមួយរយៈធំមក នៅពេលនេះ ក្រសួងព័ត៌មាន បានចេញលិខិតប្រកាសអនុញ្ញាត ឲ្យ បន្តការចាក់ ផ្សាយ ឡើងវិញហើយ ដោយគោរពតាមណែនាំអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកនិពន្ធបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ហាមឈប់ឲ្យចាក់ផ្សាយនោះ ចង់ឲ្យរបបក្រុងភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ លើវិស័យសិល្បៈ វប្បធម៌ បើកសិទ្ធិឲ្យទូលាយដល់អ្នកនិពន្ធ។ អ្នកនិពន្ធ លោក ងួន សុបិន ម្ចាស់បទចម្រៀង «ភ្ជុំបិណ្ឌ នឹកស្រុក» បានឲ្យដឹងថា លោកមិនចង់តវ៉ា ជុំវិញក្រសួងការងារសុំឲ្យឈប់ផ្សាយបទចម្រៀងនេះ ដែលច្រៀងដោយ លោក ម៉ៅ ហាជី នោះឡើយ ពីព្រោះលោកមិនចង់អោយមានរឿងវែងឆ្ងាយតទៅទៀត។
ប៉ុន្តែ លោកអាចបញ្ជាក់បានថា បទនេះលោកនិពន្ធ និងផ្ដល់សិទ្ធិអោយផលិតកម្មថោនជាអ្នកផលិត តាំងពីអំឡុងមុនពេលបុណ្យ ភ្ជុំបិណ្ឌឆ្នាំមុន គឺឆ្នាំ២០១៧ និងបានចេញផ្សាយរួចជាងមួយឆ្នាំហើយ ហើយបទនេះ ទើបមានការចែកផ្សាយឡើងវិញក្នុងឱកាសបិណ្ឌភ្ជុំឆ្នាំ២០១៨ ដោយខាងក្រុមហ៊ុន មិនបានផលិតឡើងវិញនោះទេ។
លោកបន្តថា បទនេះលោក និពន្ធឡើង តាមសាច់រឿងជីវិតរបស់កម្មករមួយចំនួន ដែលលោកបានជួបប្រទះនៅក្នុងសង្គមកាលពេលនោះ តាមបែបសិល្បៈចម្រៀងមនោសញ្ចេតនាតែប៉ុណ្ណោះ៖ «និយាយរួមទាល់តែមានរឿងជាក់ស្ដែងខ្លះទើបយើងសរសេរបាន វាមិនមែនទូទាំងប្រទេសទេ វាមានរោងចក្រមួយចំនួន…ឧទាហរណ៍ថាមានរោងចក្រខ្លះបើកលុយថ្ងៃ៥ តែភ្ជុំបិណ្ឌ ថ្ងៃទី២៤ ឬ២៥ អញ្ចឹង រោងចក្រគាត់មិនអាចបង្ខំចិត្តបើក២ដងក្នុងខែដូចឥឡូវនេះទេ»។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង កាលពីថ្ងៃទី៣ ខែតុលា បានជំរុញឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការ ផ្អាកការផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលច្រៀងដោយ លោក ម៉ៅ ហាជី នៃផលិតកម្មថោន។ ក្រសួងការងារលើកឡើងថា ចំណុចពីរតែក្រសួងមានបញ្ហានោះ «កម្មករនិយោជិកមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែល ធ្វើឱ្យកម្មករនិយោជិកមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមតែស្រុកទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»។ លិខិតរបស់លោក អ៊ិត សំហេង បញ្ជាក់ទៀតថា បទចម្រៀងមួយ បទនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់របបលោក ហ៊ុន សែន និងផ្ទុយទាំងស្រុងនូវអ្វីដែលរបបក្រុងភ្នំពេញ កំពុងយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករនិយោជិក។
ជាក់ស្ដែងនៅពេលថ្មីៗនេះ យោងតាមលិខិតប្រកាសអនុញ្ញាត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយនឹងបងប្អូន កម្មករនិយោជិត នៅខេត្តពោធិ៍សាត់ ក្រសួងព័ត៌មាន អនុញ្ញាតឲ្យស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាប់ផ្ដើមការចាក់ផ្សាយ ឡើងវិញ នូវបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់លោក ម៉ៅ ហាជី ដែលស្ថិតនៅក្នុងផលិតកម្មថោន Vol 122។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការងា បានស្នើដល់ក្រសួងព័ត៌មាន ធ្វើការសម្រេចការផ្អាក មិនឲ្យមានការចាក់ផ្សាយ បទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់លោក ម៉ៅ ហាជី លោករដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់ ខ្លាំង ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុង នូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ-និយោជិត៕