អ្នកស្រី សរ កេសរ៉ា គ្រោងនឹងបណ្ដុះបណ្ដាលសិល្បករអោយយល់ពីតម្លៃ…

ក្នុងពិធីខួបកំណើតរបស់តួឯកស្រីល្បីឈ្មោះ ក្នុងជំនាន់សង្គមរាស្រ្តនិយម តាំងពីជំនាន់លោក គង់ សុអឿន គឺ អ្នកស្រី សរ កេសរ៉ា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា បានបង្កបរិយាការយ៉ាងសប្បាយរីករាយ។ ក្នុងនោះអ្នកស្រីបានបង្ហើបថា អ្នកស្រីគ្រោងបង្កើតក្រុមកេសរ៉ា Fashion ដើម្បីបណ្ដុះបណ្ដាលសិល្បករទាំងនោះអោយយល់ពីតម្លៃនៃសម្លៀកបំពាក់បែបបុរាណ។

ក្នុងពិធីខួបកំណើតលើទូកដ៏ធំមួយ ក៏មានការច្រៀងរាំសប្បាយក្អាកក្អាយ  ក៏វត្ដមានតារាសិល្បៈ ចាស់ក្មេង រួមមានទាំងតារាល្បី និងផលិតករឆ្នើមៗចូលរួមផងដែរអ្នកស្រី សរ កេសារ៉ា ដែលធ្លាប់បានគ្រងតំណែងជាតួក្នុងសម័យសង្គមរាស្រ្តនិយមជាច្រើនរឿង និងមានឈ្មោះកេរ្តិ៍ឈ្មោះខ្ទរខ្ទារនាសម័យកាលនោះប្រាប់ថា ហេតុផលដែលអ្នកស្រីធ្វើខួបកំណើតនៅលើទូកធំ លំហែរអារម្មណ៍តាមដងទន្លេនោះ គឺដោយសារតែអ្នកស្រីចង់ជួបជុំមិត្តភ័ក្រ្តនៅក្នុងសិល្បៈ ដើរលេងលើទូក និងច្រៀងរាំអោយសប្បាយចិត្តម្ដង ក៏ដូចជាដើម្បីបង្អួតទេសភាពដងទន្លេមេគង្គកម្ពុជានាពេលល្ងាច និងពេលរាត្រី។

 

ម្យ៉ាងមកពីអ្នកស្រីទើបតែបើកដំណើរការ ក្រុមហ៊ុន សរកេសរ៉ា អ៊ីនធឺធេនមេន កាលពីពេលថ្មីៗផង ទើបអ្នកស្រីសម្រេចចិត្តធ្វើពិធីជប់លៀងបែបនេះអោយសប្បាយម្ដង។អ្នកស្រីប្រាប់ទៀត អ្វីដែលអ្នកស្រីធ្វើគឺមិនធំពេកទេ ប៉ុន្តែ សប្បាយបំផុតគឺបានមិត្តភ័ក្រ្តចាស់ៗកុះករចូលរួមអរអរ ដែលក្នុងនោះ លោក ទេព រិន្ទដារ៉ូ អ្នកស្រីថុង ស៊ីវទៀង និងផលិតករជាច្រើនរូបទៀតក៏បង្ហាញខ្លួន។

អ្នកស្រីបន្តថា សម្រាប់តារាសិល្បៈក្មេងៗក៏មានវត្តមានច្រើនដែរ ដូចជាសមាជិកក្នុងក្រុមសរកេសរ៉ា អ៊ីនធឺធេនមេនរបស់អ្នកស្រី និងតារាសិល្បៈមកពីគ្រួសារតារាកម្ពុជាជាច្រើនទៀតដែលរួមមាន លោកគីម ថាណា តារាចម្រៀងBN  លោកកូតា ពិធីករ លោកសេម ម៉ាកូ តារាចម្រៀង កញ្ញាអ៊ុង នីនិច តារាចម្រៀង លោក សន សុវណ្ណារ៉ា ពិធីករ និងតារាចាស់ក្មេងយ៉ាងច្រើនកុះករជាច្រើនរូបទៀត។ពិធីជប់លៀងនោះត្រូវគេឃើញជិះទូកលើដងទន្លេមេគង្គ រហូតដល់កោះដាច់ ដោយនៅលើទូកមានតន្ត្រី និងការច្រៀងរាំយ៉ាងកងរំពងរហូតដល់យប់។

ជាមួយគ្នានេះអ្នកស្រីបង្ហើបថា ក្នុងនាមអ្នកស្រីជាសិល្បករជំនាន់មុនមួយរូបអ្នកស្រីពិតជាចង់ឃើញវិស័យសិល្បៈមានការរីកចំរើន។ ពិសេសគឺការចូលអភិរក្សលើសំលៀកពាក់បុរាណខ្មែរដូច្នេះហើយទើបអ្នកស្រីបង្កើតក្រុមសិល្បៈដើម្បីបណ្ដុះបណ្ដាលចំណេះដឹងលើផ្នែកនេះ និងបណ្ដុះផ្នត់គំនិតពួកគេអោយចេះស្រលាញ់និងអភិរក្សសំលៀកបំពាក់ទាំងនោះ៕